អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
———————————————————
(បន្ទាយមានជ័យ )៖ ជនសង្ស័យឈ្មោះ សួង ចាន់រ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា មុនឈានដល់ការបង្រ្កាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតនៅពេលយប់ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញបុរសម្នាក់ឈប់ម៉ូតូនៅកន្លែងងងឹតគួរឱ្យសង្ស័យ កម្លាំងអាវុធហត្ថ ក៏បានហៅមកសួរនាំ និងធ្វើការឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀនប្រភេទទឹកកកចំនួន០៣កូនថង់កិប ទម្ងន់១,០៥ក្រាម និងសម្ភារៈផ្សេងៗមួយចំនួនទៀត រួមនឹងម៉ូតូ១គ្រឿងដែលជនសង្ស័យជិះ។ ក្រោយឃាត់ខ្លួនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង នាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ តាមនីតិវិធី។
ជនសង្ស័យក្រោយពីសួរនាំរួចបានសារភាពថា រូបខ្លួនពិតជាបាន ជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ដោយ÷ សហការី