សិក្ខាសាលាបូកសរុបលទ្ធផល ការផ្ដល់សេវារដ្ឋបាល និងសម្រុះសម្រួលពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
សិក្ខាសាលាបូកសរុបលទ្ធផល ការផ្ដល់សេវារដ្ឋបាល និងសម្រុះសម្រួលពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
——————————————-
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្ដល់សេវារដ្ឋបាល និងសម្រុះសម្រួលពាក្យបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៨-២០២២ ។សិក្ខាសាលានេះបានធ្វើឡើង នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាម សមាជិក សមាជិកា អស់លោក លោកស្រី មកពីរ ២៥ រាជធានីខេត្ត សរុបជិត ៦០០នាក់ ដោយក្រសួងមហាផ្ទៃបានសម្រេច ជ្រើសរើសយកខេត្តបន្ទាយមានជ័យ ទទួលធ្វើជាម្ចាស់ផ្ទះរយៈពេល ២ ថ្ងៃ១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងក្រោមការចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចំពោះការងារសន្តិសុខព្រំដែន រដ្ឋបាលខេត្តរក្សាបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ ព្រមទាំងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មនិងទេសចរណ៍។
ឯកឧត្តម បន្តថា បច្ចុប្បន្ន អង្គភាពច្រកចេញចូលតែមួយកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ១៤ វិស័យ រួមបញ្ជូនទាំងមុខងារផ្ទាល់របស់រដ្ឋបាលខេត្តចំនួន ២ វិស័យ និងមុខងារដែលទទួលបានការធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១២ វិស័យ។ ជាលទ្ធផលគិតចាប់ពីត្រីមាសទី ១ ឆ្នាំ២០១៨ មកដល់ខែធ្នូ ឆ្នាំ២០២២ ការផ្ដល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយមានចំនួន ២១៤.៤៧០ សេវា និងទទួលបានចំណូលសរុបចំនួន ១៧,៩២៦,០៤៨,៩៨៤ រៀល(ដប់ប្រាំពីរលាន ប្រាំបួនរយម្ភៃប្រាំមួយលាន សែសិបប្រាំបីពាន់ ប្រាំបួនរយប៉ែតសិបបួនរៀលគត់) ប្រហែល៤,៣៧២,២០៧ ដុល្លារអាមេរិក (បួនលាន បីរយចិតសិបពីរពាន់ ពីររយប្រាំពីរដុល្លារអាមេរិក។
ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា វគ្គសិក្ខាសាលាដែលយើងបានធ្វើនាថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ជាឱកាសមាស សម្រាប់មន្ត្រីរាជការយើងយកទៅធ្វើការអនុវត្តក្នុងន័យ បំរើលើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសសេវារដ្ឋបាលថ្នាក់ក្រោមជាតិ ច្រកចេញចូលតែមួយ ក្នុងនោះរួមមានសេវាសំខាន់ៗ ដែលប្រជាពលរដ្ឋទូទៅមកទទួលការផ្ដល់សេវាដូចជា វិស័យ ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម សិប្បកម្ម រ៉ែថាមពល វប្បធម៌វិចិត្រសិល្បៈ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ អប់រំយុវជននិងកីឡា សុខាភិបាល សាធារណៈការ សំណង់ សូរិយោដី និត្យានុកូលកម្ម អត្រានុកូលកម្ម និងការងាររដ្ឋបាល។
ឯកឧត្តមរដ្ឋលេខាធិការបន្ត សុំស្នើឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្ដាប់អនុសាសន៍ណែនាំល្អៗពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួងស្ថាប័ន និងចូលរួមចែករំលែកបទពិសោធន៍ឲ្យបានផុលផុស ព្រមទាំងធ្វើការស្វ័យសិក្សាបន្ថែម ដើម្បីប្រែក្លាយគោលការណ៍ណែនាំទាំងអស់ទៅជា យន្តការការងារច្បាស់លាស់ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ៕ ដោយ÷សហការី