ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានគណៈប្រតិភូ TV STORM សាធារណរដ្ឋកូរ៉េ
TVK
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានគណៈប្រតិភូ TV STORM សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើកិច្ចសហការការក្នុងការបង្កើត Page TV សម្រាប់ផ្សាយមាតិកាផ្សេងៗ ដូចជាខ្សែភាពយន្ត និងកម្មវិធីកីឡា។
ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន គណៈប្រតិភូ TV STORM សាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយ លោក Lee Young Seok ជាប្រធានTV STORM Smart Media Solution Company for Pay TV operators សាធារណៈរដ្ឋកូរ៉េ បានបញ្ជាក់ពីគោលបំណងចង់មកធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន រៀបចំបង្កើត Page TV នៅប្រទេសកម្ពុជា ។
លោក Lee Young Seok បានជម្រាបជូនថា TV STORM មានបទពិសោធន៍នៅប្រទេសឥណ្ឌូនេសុី លើកិច្ចការងារផ្តល់សេវា Page TV ហើយអាចរកកម្រៃបានច្រើនពីការផ្តល់សេវាលើការផ្សព្វផ្សាយនេះ ។ ដូច្នេះខាង TV STORM សាធារណរដ្ឋកូរ៉េ ចង់បង្កើតការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់សេវា Page TV ដោយមានការដាក់បញ្ជូលនូវ មាតិកាផ្សេងៗដូចជាខ្សែភាពយន្ត កម្មវិធីកីឡា ដោយមានការបកប្រែនិងឡើងអក្សរជាភាសាខ្មែរ និងកូរ៉េ សម្រាប់ផ្សាយជូនសាធារណជនបានទស្សនាដោយងាយស្រួលតាមរយៈ ស្មាតហ្វូន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការគាំទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និង TV STORM សាធារណរដ្ឋកូរ៉េ ដែលចង់បង្កើត Page TV ដែលជាប្រពន្ធ័ TV OTT នៅក្នុងប្រទេសកម្ពុជា ហើយកិច្ចការងារនេះ ឯកឧត្តម រដ្ឋមន្ត្រី បានអោយខាងភាគីកូរ៉េ TV STORM ធ្វើកិច្ចការងារផ្នែកបច្ចេកទេសជាមួយមន្ត្រីជំនាញបច្ចេកទេសក្រសួងព័ត៌មាន ដើម្បីពិនិត្យលទ្ធភាពអាចដំណើរការងារនេះបាន តាមរយៈ App ក្រសួងព័ត៌មាន ដែលមានសម្រាប់ ឬក៏ត្រូវបង្កើយថ្មី សម្រាប់ការផ្តល់សេវាលើការផ្សាយតាមប្រព័ន្ធទំនើបនេះ ។