ខេត្តហឺណាន និងក្រុងចឹងចូវ នឹងកៀរគរទេសចរមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូង ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ
តបតាមការស្នើសុំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាន និងខេត្តជុំវិញមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន១លាននាក់ក្នុង១ឆ្នាំ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប ឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោកជំទាវ Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន និងជាអភិបាលរងខេត្តហឺណាន, ឯកឧត្តម An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនក្រុងចឹងចូវ និងឯកឧត្តម Huang Dongsheng ប្រធានលេខាធិការ បក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហឺណានផងដែរ នារសៀលថ្ងៃទី១៨ ខែតុលាថ្មីៗនេះ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។
ក្នុងជំនួបខាងលើ ភាគីចិន សន្យាពិនិត្យលទ្ធភាពក្នុងការជំរុញវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រមទាំងជួយជំរុញ ក្នុងការបង្កើនជើងហោះហើរត្រង់ និងបង្កើតជើងហោះហើរថ្មីតភ្ជាប់ពីក្រុងសំខាន់ៗរបស់ខេត្តហឺណានមកកម្ពុជា។
សូមបញ្ជាក់ជូនថា ខេត្តហឺណាន ស្ថិតនៅភាគកណ្តាលនៃប្រទេសចិន មានប្រជាជនប្រមាណ១០០លាននាក់ ដែលមានសក្តានុពលដ៏ធំធេងសម្រាប់ កម្ពុជាចាប់យកឱកាសក្នុងការជំរុញការទាក់ទាញភ្ញៀវទេសចរ៕ ប្រភពពីក្រសួងព័តមាន