Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ឯកឧត្តមនេត្រ ភក្ត្រាចុះសួសុខទុកអ្នកអភិរក្សសត្វដំរី

ក្នុងនាមប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា, ខ្ញុំបានមកសាកសួរសុខទុក្ខនិងពិនិត្យលើការងារអភិរក្សនិងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។ ខ្ញុំពិតជាសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។

សូមបញ្ជាក់ថា កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលដែលកំពុងថែរក្សានិងអភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជានៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។ ជាមួយគ្នានេះ ការបង្កាត់ពូជដំរីក្នុងស្រុក របស់សមាគមនេះបានផ្តល់លទ្ធផលដ៏ត្រចះត្រចង់ដោយទទួលកូនដំរីមួយក្បាលឈ្មោះណូអែល ដែលជាក្តីសង្ឃឹមថ្មីសម្រាប់ការងារអភិរក្សដំរីស្រុក។

ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បាននិងកំពុងថែរក្សានិងអភិរក្សដំរីស្រុកចំនួន ៤ ក្បាលក្នុងនោះឈ្មោលពីរ ញី មួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុកនេះធ្វើឡើងក្នុងគោលបំណងសំខាន់គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ។

ជាមួយគ្នានេះ ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ខ្ញុំសូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។

ខ្ញុំសូមលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗនិងកម្រ ទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជាគឺមានចំនួនកាន់តែច្រើនឡើង។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button