ប្រជាពលរដ្ឋជាង៧ម៉ឺននាក់បានជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ប្រជាពលរដ្ឋសរុបចំនួន ៧១ ៣៦០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញដោយមិនបង់ប្រាក់។
សូមជម្រាបថា ក្រោមការគិតគូរពីប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈរដ្ឋបាលរាជធានី ភ្នំពេញ រថយន្តក្រុងចំនួន៦៥៣ គ្រឿងត្រូវបានបម្រើសេវាសាធារណៈដឹកកម្មករ និយោជិតនិងប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ប្រកបដោយផាសុកភាព សុវត្ថិភាព និងរីករាយ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតាងនាម ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់សេវាដឹកជញ្ជូន ដោយមិនគិតថ្លៃ ជួយសម្រាលបន្ទុកចំណាយលើការធ្វើដំណើរបានយ៉ាងច្រើន។
គួររំលឹកដែរថា ដូចគ្នានេះដែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣កន្លងទៅអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋរយៈពេល ៥ថ្ងៃ មិនបង់ប្រាក់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា និងមានមនុស្សជិត ៦ម៉ឺននាក់បានជិះរថយន្តក្រុងដោយមិនបង់ប្រាក់៕