Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បើកផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រតាមសហគមន៍នៅឃុំអូរអណ្តូង និងឃុំសាលាក្រៅ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បើកផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រតាមសហគមន៍នៅឃុំអូរអណ្តូង និងឃុំសាលាក្រៅ

(ប៉ៃលិន)នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវណសាលាឃុំសាលាក្រៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បើកផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រតាមសហគមន៍នៅឃុំអូរណ្តូង និងឃុំសាលាក្រៅ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា និងលោក ហុក សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានអញ្ជើញចូលរួមពីប្រធានអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងស្រុក កងកម្លាំង ក្រុមការងារ និងជនពិការក្រីក្រតាមសហគមន៍ជាច្រើននាក់ផងដែរ។

លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានអោយដឹងថា៖ ឆ្នាំ២០១៦ គណៈកម្មការបានសាកល្បងធ្វើការត្រួតពិនិត្យ និងវាយតម្លៃជ្រើសរើសជន ពិការទូទាំងខេត្ត និងធ្វើការបើកផ្ដល់តាមប្រព័ន្ធធនាគារអេស៊ីលីដាបានចំនួន ២៣២នាក់ ស្រី ៧៧នាក់, ឆ្នាំ២០១៧ គណៈកម្មការបានបន្តធ្វើការត្រួតពិនិត្យ និងវាយតម្លៃជ្រើសរើសទូទាំងខេត្ត សរុបបានចំនួន ១៣១២នាក់ ស្រី ៣៨៧នាក់ កម្រិតធ្ងន់(ទទួលរបប ១២ខែ) ចំនួន៦៣២នាក់ ស្រី ២២៣នាក់ កម្រិតមធ្យម(ទទួលរបប ៦ខែ)ចំនួន៦៨០នាក់ ស្រី ១៦៥នាក់ ។ ហើយសម្រាប់ឆ្នាំ២០២២ បានធ្វើបច្ចុប្បន្នភាព លុបជនមានពិការភាពដែលទទួលមរណៈភាពសរុបចំនួន៨១នាក់ ស្រី២៦នាក់ទូទាំងខេត្ត នៅក្នុងនោះឃុំសាលាក្រៅលប់ចំនួន២៦នាក់ ស្រី៩នាក់ ឃុំអូរអណ្ដូង មិនមានលប់ និងបានបើកផ្ដល់ជូននៅឃុំសាលាក្រៅសរុបចំនួន១៣១នាក់ ស្រី៦៤នាក់ ទទួលរបប ៦ខែចំនួន៤៨នាក់ ស្រី២៦នាក់ និងទទួល របប ១២ខែចំនួន ៨៣នាក់ ស្រី៣៨នាក់ និងឃុំអូរអណ្ដូងបានបើកផ្តល់សរុបចំនួន ១៦នាក់ ស្រី៥នាក់ ទទួលរបប ៦ ខែចំនួន៥នាក់ ស្រីគ្មាន និងរបប ១២ខែចំនួន ១១នាក់ ស្រី០៥នាក់។

លោក ហុក សុផល អភិបាលរងខេត្តបានមានប្រសាសន៏ថា៖ គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយ ភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិត របស់ប្រជាជន ដែលកំពុងមានកំណើន យ៉ាង ឆាប់រហ័ស។

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិន ត្រឹមតែមិនអាចទទួលយកបានខាងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្ដាលឱ្យមានការបែកបាក់សាមគ្គីភាព និង អស្ថេរភាព ក្នុងសង្គមថែមទៀត។

លោកបានបន្តថា៖ ក្នុង​​អាណ​ត្តិ​នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គ មហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានផ្តោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រ គាំពារសង្គមសម្រាប់ ជនក្រីក្រ និងជនងាយ រងគ្រោះ ជាគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូន ទទួលបាននូវផលប្រយោជន៍ ពីសំណាញ់​សុវត្ថិភាពសង្គម និង របបសន្តិសុខសង្គមបានកាន់តែល្អប្រសើរឡើង។

ជាពិសេសចំពោះជនមានពិការភាព រាជរដ្ឋាភិបាលក៏បានបង្កើតច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ ជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និង ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមាន ភាពប្រសើរឡើង។

លោកបានបន្តទៀតថា៖ ចំពោះមុខ រដ្ឋបាលខេត្ត នឹងបន្តពង្រឹងសកម្មភាព យន្តការដែលមានស្រាប់ ហើយសហការពង្រីកបន្ថែម នូវកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឱ្យកាន់តែទូលំទូលាយ ពិសេសការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រ ការដាក់ចេញវិធានការជួយដោះស្រាយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះដោយមហន្តរាយធម្មជាតិ ការពង្រីកកម្មវិធីស្តារលទ្ធភាពពលកម្ម កម្មវិធីសមាហរណកម្មឡើងវិញ សម្រាប់ជនដែលមានពិការភាព ជនរងគ្រោះដោយគ្រឿងញៀន ដោយការជួញដូរ ដោយអំពើកេងប្រវ័ញ្ច និង កុមារដែលបំពានច្បាប់ ក៏ដូចជាពង្រីកកម្មវិធីសុខុមាលភាពដល់ជនចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយ ពោះម៉ាយ ក្រីក្រ គ្រួសារក្រីក្រ ស្ត្រី កុមាររងគ្រោះ ជនគ្មានទីលំនៅ និងអតីតយុទ្ធជន ព្រមទាំង គ្រួសារ ដើម្បីអោយពួកគាត់ ទទួលបាននូវសេវាសុខភាព អាហារូបត្ថម្ភ ការបណ្ដុះ បណ្តាលមុខជំនាញ ការបង្កើតមុខរបរ និងការអប់រំ សំដៅ ប្រែក្លាយប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងសហគមន៍ ទៅជាមូលដ្ឋានផលិតរបស់ជាតិ រួមចំណែកធ្វើអោយគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នេះទទួលបានជោគជ័យ ។ ឯកឧត្តមបានកោតសរសើរចំពោះគណៈកម្មការគ្រប់គ្រងរបបគោល នយោបាយថ្នាក់ខេត្ត អនុគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយថ្នាក់ស្រុក ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលតែងតែរួមសហការគ្នាអនុវត្តការងារគោលនយោបាយចំពោះជនពិការ ក្រីក្រនៅតាមសហគមន៍នេះសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់ ។

សូមរំលឹកថា៖ ការផ្ដល់របបគោលនយោបាយនេះ គឺមិនផ្ដល់ជូនរហូតមួយជីវិតនោះទេ ការបន្ត ឬផ្អាកគឺអាស្រ័យលើការត្រួតពិនិត្យ វាយតម្លៃពីគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយដែលត្រូវធ្វើមួយឆ្នាំម្ដង៕សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button