ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បន្តបេសកម្មពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត
——————————————-
ភ្នំពេញ៖ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្រ្តីចំណុះក្រសួងមហាផ្ទៃ បង្កើនសកម្មភាពអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេស ត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាព ក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្តល់អន្តរាគមន៍ពន្លត់អគ្គិភ័យជាដើម។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ថ្លែងបែបនេះធ្វើឡើង នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ៕