បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីក្លែងបន្លំហ្វេសប៊ុក ឆបោក និងនាំយកចេញដោយមិនស្របច្បាប់មានគោលដៅ
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីក្លែងបន្លំហ្វេសប៊ុក ឆបោក និងនាំយកចេញដោយមិនស្របច្បាប់មានគោលដៅ
(បន្ទាយមានជ័យ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីក្លែងបន្លំហ្វេសប៊ុក ឆបោក និងនាំយកចេញដោយមិនស្របច្បាប់មានគោលដៅ ដោយបានប្រព្រឹត្តកាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចបេនឡានក្រុងសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើផ្អែកលើពាក្យបណ្ដឹងរបស់ឈ្មោះ ជា ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ករណីបាត់ប្អូនស្រីឈ្មោះ ជា ស្រីបុល អាយុ១៧ឆ្នាំ រស់នៅភូមិភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ហួត កើ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរចាម សញ្ជាតិខ្មែរ មុខរបរជាងធ្មេញ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នភូមិតាជើង ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ វត្ថុតាង ចាប់បានរួមមាន ៖ ម៉ូតូហុងដា សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1K-5715 មួយគ្រឿង , ទូរស័ព្ទដៃ២គ្រឿង ។
សមត្ថកិច្ចបន្តថា ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងការិយាល័យជំនាញ សហការជាមួយបងប្រុសជនរងគ្រោះ ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ នៅចំណុចខាងលើ រួចនាំខ្លួនមកកាន់បញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ ។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា៖ រូបខ្លួនពិតជាបានប្រើប្រាស់ គណនីហ្វេសប៊ុកក្លែងក្លាយ ឆបោកជនរងគ្រោះ ក្នុងចេតនាមិនល្អលើនារីរងគ្រោះខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕