ពលរដ្ឋទីទ័លក្រចំនួន០២គ្រួសារនៅស្រុកបាណន់ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហម
(បាត់ដំបង) នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន០២គ្រួសារ ក្នុងនោះគ្រួសារក្រីក្រ០១គ្រួសារ និងជនមានពិការភាព០១គ្រួសារ រស់នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមការងារអនុសាខាស្រុក បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
អំណោយចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២៥ គីឡូក្រាម ,មី០១កេស, ទឹកស៊ីអ៊ីវ០១យូរ, ទឹកត្រី០១យូរ, ត្រីខ០១យូរ និងថវិកាចំនួន ២០,០០០រៀលផងដែរ៕ ដោយក្រូច ណាវី