អភិបាលខេត្តប៉ៃលិន ស្នើដល់ក្រុម ស៊ីភី ជួយទិញកសិផលរបស់កសិករក្នុងខេត្ត ឱ្យបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ
ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអនុញ្ញាតអោយតំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ ប្រចាំខេត្តប៉ៃលិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើដល់ក្រុមហ៊ុន ជួយទិញកសិផលពីប្រជាកសិករក្នុងខេត្ត ដូចជា៖ ពោត និងដំឡូងមី អោយបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ។
នៅក្នុងជំនួបនាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ដែលមានផ្ទៃដី កសិកម្ម ចំនួន ៤០៣,៣គីឡូម៉ែត្រក្រឡា និងមាន ប្រជាពលរដ្ឋប្រមាណ ៧០% ប្រកបរបរកសិកម្ម ដូចនេះ ក្រុម ស៊ីភី ខេមបូឌា ប្រចាំខេត្តប៉ៃលិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពតម្លៃ នៃផលិតផលកសិកម្ម ហើយបង្កើនផលិតភាពរបស់កសិករ និងកាត់បន្ថយហានិភ័យទីផ្សារ ដែលជារឿយៗនាំឱ្យមានការជន់លើផលិតផលកសិកម្មក្នុងរដូវប្រមូលផលម្តងៗ។
ជាការឆ្លើយតបលោក ស៊ូរ៉ាត់ យីមណយ (Mr. Surat Yimnoi) តំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ ប្រចាំខេត្តប៉ៃលិន បានសន្យាថា នឹងជួយទិញកសិផលពីប្រជាកសិករនៅក្នុងខេត្តប៉ៃលិន ដូចជា៖ ពោត និង ដំឡូងមី អោយបានច្រើន ទៅតាមសំណូមពររបស់លោកជំទាវបណ្ឌិតអភិបាលខេត្ត ក្នុងតម្លៃសមរម្យទៅតាមទីផ្សារជាក់ស្តែង ដែលជាការ ប្តេជ្ញាចិត្តក្នុងការអនុវត្តដំណាក់កាលទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានផ្តោតចក្ខុវិស័យ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកតំណាងក្រុមហ៊ុន បានមានប្រសាសន៍ឱ្យដឹងថា៖ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ជាអង្គភាពមួយ ដែលធ្វើអាជីវកម្មផ្អែកលើគោលការណ៍ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការ គឺ ប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើអោយអាជីវកម្ម និងសង្គមរីកចំរើនទៅព្រមៗគ្នា ហើយក៍ជាឫសគល់ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងពិភពលោកអោយមាននិរន្តរភាពលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមជាតិ និងបរិស្ថាន ។
បើតាមរបាយការណ៍របស់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានអោយដឹងថា៖ ក្នុងឆ្នាំ២០២៣ កសិករក្នុងខេត្តប៉ៃលិន ផលិតបាន -បរិមាណដំឡូងមីក្រៀម ចំនួន ២១៥,៦០២ តោន – បរិមាណពោតក្រហមគ្រាប់ ចំនួន ១៦៣,៨៧៦ តោន ក្នុងនោះក្រុមហ៊ុន ស៊ី ភី ខេមបូឌាចំកាត់ សាខាខេត្តប៉ៃលិន និង ក្រុមហ៊ុនសហគ្រាស ទិញ-លក់ កសិផល បានរៀបចំកិច្ចសន្យាទិញ-លក់ប្រចាំឆ្នាំ គឺដំឡូងមីក្រៀម ចំនួន ១០០,០០០ តោន និងពោតក្រហមគ្រាប់ ចំនួន ៥០,០០០តោន ដូចនេះបងប្អូនប្រជាកសិករ ដែលមានកសិផលដូចជា៖ ពោតក្រហមគ្រាប់ និងដំឡូងមីក្រៀម អាចយកទៅលក់នៅក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ សាខាខេត្តបាន ដែលស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ហើយបើមានបញ្ហាអីសូមទំនាក់ទំនងមកកាន់ក្រុមការងាររបស់រដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០៧១ ៩ ៦២១ ៦១០៕ដោយក្រូច ណាវី