អភិបាលខេត្តប៉ៃលិន ចុះពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងឆ្លងឆ្នាំសាកល ជាមួយកងកម្លាំងនគរបាល និងប្រជាការពារ នៅមូលដ្ឋាន
អភិបាលខេត្តប៉ៃលិន ចុះពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងឆ្លងឆ្នាំសាកល ជាមួយកងកម្លាំងនគរបាល និងប្រជាការពារ នៅមូលដ្ឋាន
ប៉ៃលិន៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខេត្ត ចុះល្បាតពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងចូលរួមឆ្លងឆ្នាំសាកល ២០២៣ ឈានចូលឆ្នាំ២០២៤ ជាមួយកងកម្លាំងនគរបាល និងប្រជាការពារតាមគោលដៅក្នុងភូមិសាស្ត្រក្រុង ស្រុក។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កងកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់សម្រាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើង អាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺ កម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
លោកជំទាវបណ្ឌិតប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាកងកម្លាំងនគរបាល និងប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕