លោកជំទាវបានស្រីមុំ អញ្ជើញចុះសាកសួរសុខទុក្ខ កូនៗកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន
លោកជំទាវបានស្រីមុំ អញ្ជើញចុះសាកសួរសុខទុក្ខ កូនៗកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ ម៉ែដោះ និងកូនៗកុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់កុមារកំព្រាគ្រប់កន្លែងតាមរយ:រដ្ឋបាលខេត្ត ហើយកន្លងទៅកូនៗ ក្មួយៗនៅទីនេះ តែងតែទទួលបាននូវការទំនុកបំរុងជាហូរហែរ ដោយមានការចូលរួមបន្ថែមពីសប្បុរសជនគ្រប់ទិសទី ធ្វើយ៉ាងណាធានាបានការហូបចុក ស្លៀកពាក់គ្រប់គ្រាន់ ជាមួយការលើកទឹកចិត្តឲ្យកូនក្មួយបន្តសិក្សារៀនសូត្រដូចកុមារដទៃទៀតដែរ និងឈានទៅបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យ ដើម្បីឆ្ពោះទៅយកជំនាញសម្រាប់កសាងជីវិត។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ កូនៗ ក្មួយៗដែលជាក្មេងកំព្រា មិនឯកោនោះទេ គឺនៅតែទទួលបានការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសម៉ែដោះ ដែលបានជួយបីបាច់ថែរក្សា និងស្រលាញ់ដូចជាកូនបង្កើតរបស់ខ្លួនឯង ដូច្នេះកូនៗ ក្មួយៗ ត្រូវ ខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីចាប់យកចំណេះដឹង ឬជំនាញពិតប្រាកដណាមួយ សម្រាប់ខ្លួនឯង អាចចិញ្ចឹមបីបាច់ថែរក្សា និងរកទទួលទានបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃឡើយ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើដល់ម៉ែដោះ នៅក្នុងមណ្ឌលទាំងអស់ ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាដល់កូនៗ ក្មួយៗ កុមារកំព្រា ដោយការយកចិត្តទុក្ខដាក់ខ្ពស់ និងសូមផ្តាំផ្ញើដល់កូនៗ ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួន ហើយត្រូវតែរឹងប៉ឹង និងជឿជាក់លើខ្លួនឯង ក្នុងការសម្រេចនូវក្ដីសុបិន និងបំណងប្រាថ្នារបស់ខ្លួននាថ្ងៃអនាគត់៕