យុវជន ស ស យ ក ខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ទួលល្វា ចុះសំអាតដងផ្លូវសាធារណៈពីចំណុចផ្លូវបំបែកភូមិចំការកាហ្វេ ដល់ស្ពានសន្តិភាព ក្នុងភូមិក្ងោក
យុវជន ស ស យ ក ខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ទួលល្វា ចុះសំអាតដងផ្លូវសាធារណៈពីចំណុចផ្លូវបំបែកភូមិចំការកាហ្វេ ដល់ស្ពានសន្តិភាព ក្នុងភូមិក្ងោក
———————————————————
ប៉ៃលិន៖ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ទូលល្វា បានដឹកនាំលោកមេភូមិ ប្រជាការពារភូមិ យុវជន សសយក ចុះសំអាតដងផ្លូវសាធារណៈមួយខ្សែប្រវែងប្រហែល ៣គីឡូម៉ែត្រ ពីចំណុចផ្លូវបំបែកភូមិចំការកាហ្វេ ក្នុងសង្កាត់ទួលល្វា រហូតដល់គល់ស្ពានសន្តិភាព ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធាន សសយក ខេត្តប៉ៃលិន បានលើកឡើងថា ដោយមានការណែនាំ ចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យើងបានប្រមូលកម្លាំងយុវជន សសយក ខេត្ត ក្រុមប្រឹក្សាសង្កាត់ទួលល្វា លោកមេភូមិ ប្រជាការពារភូមិ នាំយកម៉ាស៊ីនកាត់ស្មៅ កាំបិត អំបោស, ធ្វើការកាត់ស្មៅ បោសសំអាតដងផ្លូវ ដើម្បីសំរួលការធ្វើដំណើរ ក៏ដូចជាការសំអាតបរិស្ថានតាមដងផ្លូវ និងបរិស្ថានក្នុងភូមិអោយមានភាពស្រស់ស្អាត មានផាសុខភាព។
លោកបានបន្តថា សកម្មភាពរបស់យុវជន សសយក ប្រជាការពារភូមិ លោកមេភូមិ ចៅសង្កាត់នាពេលនេះ គឺជាការរួមចំណែកជួយដល់ការងារបរិស្ថាន ភូមិសង្កាត់របស់យើង ព្រោះបើយើងចាំតែមន្រ្តីជំនាញ ក៏មិនអាចធ្វើអោយបរិស្ថានផ្លូវថ្នល់របស់យើងបានស្អាតទាំងអស់ដែរ លុះត្រាមានការចូលរួមពីប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ម្យ៉ាងទៀត នេះក៏ជាសារមួយ ពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋមូលដ្ឋាន អ្នកដំណើរទាំងអស់អោយមានការយកចិត្តទុកដាក់ កុំបោះចោលសំរាមផ្តេសផ្តាស តែត្រូវវិចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ និងសំអាតបរិស្ថានជុំវិញផ្ទះ និងទីសាធារណៈអោយបានស្អាត ប្រយោជន៍ដើម្បីសុខមាលភាព មោទនភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះមូលដ្ឋានភូមិឃុំរបស់ខ្លួន។
លោកហុក សុផល បានបន្តទៀតថា លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន មានការយកចិត្តទុកដាក់បំផុតលើការងារអនាម័យ និងបរិស្ថានស្អាត ដើម្បីផាសុខភាពប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តក្នុងខេត្តប៉ៃលិន ហើយកន្លងមក លោកជំទាវក៏បានធ្វើការតុបតែងកែលម្អសោភ័ណភាពក្នុងខេត្តប៉ៃលិន ដែលជាខេត្តតូចមួយនៅភាគពាយ័ព្យ នៃប្រទេស បានយ៉ាងស្រស់ឆើតឆាយ៕ដោយ÷សហការី