ការបង្កើនការនាំចេញឆ្លុះបញ្ចាំងពី សមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់របស់កម្ពុជា
ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី១ឆ្នាំនេះដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់ខ្ពស់របស់កម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ១១.៣៧ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង ៣៣.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិកជាទីផ្សារធំបំផុតរបស់ប្រទេសនេះ ដោយគូសបញ្ជាក់ថាបរិមាណនៃការនាំចេញរបស់កម្ពុជាទៅប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ កើនឡើង ៥៤ ភាគរយធៀបទៅឆ្នាំមុន ដែលស្មើនឹង ៥១.៨ ភាគរយនៃការនាំចេញសរុប។លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាការនាំចេញផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP)ក៏ដោយ។លោកបានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថា “ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីជាកម្ពុជាមិនទាន់ទទួលបានថានៈ GSP ថ្មីក៏ដោយ វាបានឈានដល់កម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មនិងទីផ្សារផ្គត់ផ្គង់របស់កម្ពុជា”។កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមថានៈ GSP ដែលត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១៦ ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួចបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន។
ទំនិញផ្សេងទៀត ដូចជា វាយនភ័ណ្ឌ គ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ជាដើម ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកក្រោមគោលការណ៍”ប្រទេសដែលទទួលបានការអនុគ្រោះពន្ធ (Most-Favoured-Nation) “៕