Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយទីចាត់ការហិរញ្ញវត្ថុ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដើម្បីគ្រោងចំណូលថវិកា សម្រាប់ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយទីចាត់ការហិរញ្ញវត្ថុ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដើម្បីគ្រោងចំណូលថវិកា សម្រាប់ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន

———————————————————

ប៉ៃលិន៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នាសាលប្រជុំធំសាលាខេត្ត រដ្ឋបាលខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ មន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធផងដែរ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកបញ្ជាក់ថា៖ ការអភិវឌ្ឍន៍ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ រីកចម្រើនទៅបាន គឺអាស្រ័យពឹងផ្អែកលើប្រភពចំណូលចូលថវិការដ្ឋ ជាក់ស្ដែងការអភិវឌ្ឍន៍ប្រទេស និងការជំរុញល្បឿនសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានការរីកចម្រើនមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានដាក់ចេញនូវគោលនយោបាយ និងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិ បានយ៉ាងមានប្រសិទ្ធភាពល្អប្រសើរ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ កិច្ចប្រជុំពេលនេះគឺជាការងារដ៏សំខាន់ ដែលមានគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលចូលថវិកាសម្រាប់ខេត្ត ដែលក្នុងនោះមានកំណត់គោលដៅអំពីការគ្រោង ការប្រមូល ការបែងចែក ការបង់ និងការប្រើប្រាស់ ចំណូលដែលបានពីកម្រៃ នៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ ទៀតដែលជាប្រភពចំណូលមិនមែនសារពើពន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា រដ្ឋបាលក្រុង ស្រុក និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ហើយការប្រមូលនេះទៀតសោត ផ្អែកលើមូលដ្ឋានទិន្នន័យសមស្រប និងផ្អែកតាមប្រភេទ និងតម្លៃសេវាដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន និង ត្រូវគ្រោងចំណូលដែលបានប៉ានស្មាននេះនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួនទៅតាមចំណាត់ថ្នាក់នៃ មាតិកាថវិកា ។

នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗ ដែលពាក់ព័ន្ធមានប្រភពចំណូល ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឲ្យមានប្រសិទ្ធភាពខ្ពស់ គ្រប់ប្រភពចំណូលចូលជាថវិកាខេត្ត សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គម នៅក្នុងខេត្ត សំដៅបម្រើប្រយោជន៍សាធារណៈក៏ដូចជាប្រជាពលរដ្ឋ អោយបានកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ គឺជាការផ្ដល់ឱកាសដល់មន្ទីរនិងអង្គភាព វិស័យ ជំនាញពាក់ព័ន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា ក្នុងការបម្រើសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងទៀត ដែលមានលទ្ធភាពអាចប្រមូលចំណូលចូលថវិការខេត្ត ដែលជាប្រភពចំណូលមិនមែនសារពើពន្ធ ក្នុងនោះមានដូចជា មន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ មន្ទីររ៉ែនិងថាមពល មន្ទីរពាណិជ្ជកម្ម មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរអប់រំយុវជន និងកីឡា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button