ថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម អ៊ី ឈាននិងលោកជំទាវបានស្រីមុំ បន្តចុះផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកបក្សជាង ៤០០នាក់ នៅឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
ថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម អ៊ី ឈាននិងលោកជំទាវបានស្រីមុំ បន្តចុះផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកបក្សជាង ៤០០នាក់ នៅឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
———————————————————
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អុី ឈាន បេក្ខភាពតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត រួមនឹងក្រុមការងារចុះជួយឃុំ និងភូមិ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិកបក្សជាង ៤០០នាក់ នៅឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយគោលនយោបាយបក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោត។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ និងប្រជាជនកម្ពុជា នាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងតែងតែទទួលបាននូវការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋក្នុងពេលបោះឆ្នោត ដោយក្នុងនោះមានកត្តា ៣សំខាន់ ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ ១. គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ទី២. ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាព និងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ និង ទី៣. គោលនយោបាយគណបក្សប្រជាជនកម្ពុជា បានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ, ជានយោបាយជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍គូសបញ្ជាក់ពីសារៈសំខាន់ និងជាឱកាស ដែលសមាជិក-សមាជិកា គណបក្សត្រូវធ្វើការផ្សព្វផ្សាយពីកម្មវិធីនយោបាយ និងគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នាអាណត្តិទី៧ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីនយោបាយដែលបានផ្តល់អាទិភាពលើកិច្ច គាំពារសង្គម, បន្តធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើង, ប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល សមធម៌ និងប្រកបដោយនិរន្តរភាព ។
ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ក៍បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបានស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន ហើយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភារកិច្ចជាពលរដ្ឋល្អ និងសូមគូសសញ្ញាគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីឱ្យសន្លឹកឆ្នោតបានការ និងមានតម្លៃ ។
អំឡុងពេលនៃការចុះឃោសនានេះ ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ និងក្រុមការងារ ក៏បានបង្រៀនប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំប្រជាពលរដ្ឋបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា និងគូសចំប្រអប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បី គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឱ្យរីកចម្រើនទៅមុខទៀត និងការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលមាន ៕ដោយ÷សហការី