លោកជំទាវបានស្រីមុំ ជួបសំណេះសំណាលអ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក ខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ខេត្តប៉ៃលិន
លោកជំទាវបានស្រីមុំ ជួបសំណេះសំណាលអ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក ខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ខេត្តប៉ៃលិន
———————————————————
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់បទពិសោធន៍ចំណេះដឹង ដល់អ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។
នៅក្នុងពិធីជួបសំណេះសំណាលនេះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ការ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឆាប់ៗ ខាងមុខនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ដូច្នេះ ថ្នាក់ដឹកនាំ និងក្រុមការងារ អ្នកសង្កេតការណ៍បោះឆ្នោត គឺក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ទាំង៨ក្រុង/ស្រុក ព្រមទាំងក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលចូលរួមក្នុងកិច្ចការងារនេះដែរ ត្រូវត្រៀមលក្ខណ:រួចជាស្រេច និងស្គាល់តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ក្នុងនាមជាអ្នកសង្កេតការណ៍ ដើម្បីកុំមានបញ្ហាណាមួយកើតឡើង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ «នៅក្នុងការបោះឆ្នោតនេះ គឺមានបណ្តាអង្គការ សង្គមស៊ីវិល អាចនឹងមានអ្នកសង្កេតការណ៍បរទេស និងមានអ្នកសង្កេតការណ៍មកពីបណ្តាគណបក្សបក្សនយោបាយផ្សេងៗ ចូលរួមដែរ ដូចនេះយើងត្រូវឃ្លាំមើល សម្របសម្រួល ពិនិត្យបរិវេណជុំវិញ មិនត្រូវអនុញ្ញាតឱ្យអ្នកណាផ្សេង ឬសកម្មជនគណបក្សដទៃចូលទៅក្នុងការិយាល័យបោះឆ្នោតបានឡើយ ដើម្បីជៀសវាងការបញ្ចុះបញ្ចូលទាក់ទាញទឹកចិត្ត ឱ្យប្រជាពលរដ្ឋបោះឆ្នោត ជូនបក្សរបស់ខ្លួន ដោយប្រើវិធីខ្សឹបខ្សៀវសន្យាបោកប្រាស់ជាដើម» ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់អ្នកសង្កេតការណ៍ទាំងអស់ នៅមុនថ្ងៃបោះឆ្នោត រយៈពេល ២ទៅ៣ថ្ងៃ ត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសការសេពគ្រឿងស្រវឹង ដើម្បីឱ្យសតិស្មារតីភ្លឺថ្លា ជៀសវាងកើតមានជំងឺរោគា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ត្រៀមខ្លួនឈរឃ្លាំមើលប្រជាពលរដ្ឋចូលបោះឆ្នោត និងពិនិត្យមើលសន្លឹកឆ្នោតឱ្យបានល្អិតល្អន់ ជៀសវាងការលួចបន្លំពីគណបក្សនយោបាយមួយចំនួន និងត្រូវគោរពពេលវេលា ត្រៀមសម្ភារ: សម្រាប់កត់ត្រាការបោះឆ្នោត បញ្ជីឈ្មោះអ្នកបោះឆ្នោតនៅតាមការិយាល័យទាំងអស់ ពង្រឹងស្មារតី ការពារលទ្ធផលបោះឆ្នោត ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព យុត្តិធម៌ ដែលប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ដោយ÷សហការី