Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ឯកឧត្តម អុី ឈាន អញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ២០ឧសភា 

ឯកឧត្តម អុី ឈាន អញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ២០ឧសភា

———————————————————

ប៉ៃលិន៖ ចាស់ទុំជាសាក្សីរស់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សក្នុងខេត្តប៉ៃលិនបានរៀបចំទិវាជាតិ រំលឹកវិញ្ញាណក្ខន្ធ ២០ឧសភា ដែលជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។

ការប្រារព្ធទិវាជាតិ២០ឧសភានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នៅវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ។ នាឱកាសនោះឯកឧត្តម បានជម្រាបជូនថា ថ្ងៃ២០ ឧសភា ទិវារំលឹកវិញ្ញាណក្ខន្ធ គឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ ។

ឯកឧត្តមបានបន្ថែមទៀតថា ប្រជាជនកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំនេះឡើង គឺដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ដ៏យង់ឃ្នងនេះ ។ ឯកឧត្តមក៏បានរំលឹកអតីតកាលជូនដល់អង្គពិធីថា របបប្រល័យពូជសាសន៍ប៉ុលពត ដែលបានជម្លៀសប្រជាជនចេញពីទីក្រុង លុបបំបាត់សាសនា បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង បង្កជាសោកនាដកម្មដ៏ជូរចត់ បានសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ ជាពេលវេលាដ៏ខ្មៅងងឹតដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំងយ៉ាងទារុណ ធ្វើការដូចសត្វធាតុ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ឯកឧត្តមបានបន្តថា បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិតទេ និងតាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យមានសុខសន្តិភាពពាសពេញប្រទេស ដែលជាមូលដ្ឋានគ្រឹះនៃការកសាងនិងអភិវឌ្ឍប្រទេសជាតិ រីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

ឯកឧត្តមបានស្នើដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព និងភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕ ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button