មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជួបប្រជុំពិភាក្សា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងថៃ នៅតាមព្រំដែនខេត្តបន្ទាយមានជ័យ
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជួបប្រជុំពិភាក្សា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងថៃ នៅតាមព្រំដែនខេត្តបន្ទាយមានជ័យ
———————————————————
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំនាយទាហានដែលមានការពាក់ព័ន្ធ ជួបប្រជុំពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងភាគីថៃ ដែលឈរជើងទល់មុខភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ថេបភីតាក់ នីមីត មេបញ្ជាការ កងពលធំលេខ២ រក្សាព្រះអង្គ កងកម្លាំងបូព៌ា ស្ថិតនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះដែរក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការ វរសេនាធំឈុតខ្មៅលេខ១២ និងលេខ១៣ថៃ និងវរសេនាធំប៉ូលីសព្រំដែនលេខ១២ថៃ។
ជាលទ្ធផលនៃកិច្ចប្រជុំរវាងកងកម្លាំងទាំងពីរកម្ពុជា-ថៃ គឺបន្តយកចិត្តទុកដាក់សហការ ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ រក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា។ជាពិសេសភាគីថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងភាគីកម្ពុជា ដែលប្រឹងប្រែងជួយសង្គ្រោះប្រជាជនថៃ ក្នុងឧបទ្ទវហេតុឆេះអគារការស៊ីណូនៅក្រុងប៉ោយប៉ែត កន្លងមក៕ដោយ÷សហការី