សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ប្រជុំកំណត់តួនាទី ភារកិច្ចរបស់គណៈកម្មការ និងក្រុមការងារត្រៀមរៀបចំសង្រ្កាន្តខេត្តប៉ៃលិននាឱកាលចូលឆ្នាំថ្មីខាងមុខ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ប្រជុំកំណត់តួនាទី ភារកិច្ចរបស់គណៈកម្មការ និងក្រុមការងារត្រៀមរៀបចំសង្រ្កាន្តខេត្តប៉ៃលិននាឱកាលចូលឆ្នាំថ្មីខាងមុខ
———————————————————
(ប៉ៃលិន)នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្កើត និងកំណត់តួនាទី ភារកិច្ចរបស់គណៈកម្មការ និងក្រុមការងារត្រៀមរៀបចំសង្រ្កាន្តខេត្តប៉ៃលិន ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន មានប្រសាសន៍ លើក ឡើង ថា៖ ស.ស.យ.ក គឺជាសមាគមមួយ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម ហើយនៅពេលដែលយើងដោះឯកសណ្ឋាន ស.ស.យ.ក. យើងមានតួនាទីខុសៗគ្នា តែពេលយើងពាក់ឯកសណ្ឋានមួយនេះ យើងគឺជាស.ស.យ.ក. យើងមានចក្ខុវិស័យជារួម, ក្នុងបុព្វហេតុតែមួយ, ក្នុងគោលបំណងតែមួយ គឺការបំផុះចលនាយុវជនកម្ពុជាឲ្យកាន់តែផុលផុសតាមរយៈការអនុវត្តកិច្ចការងារដោយចងចាំជាក់ និងបន្តស្មារតី២ធ្នូទៅពេលអនាគត ដែលជាការលះបង់នូវសេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួនមករួមគ្នា ដើម្បីដាក់បុព្វហេតុរួមជាធំមួយសម្រាប់ជាតិ និងមាតុភូមិ ។
លោកជំទាវប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តនូវវិធានការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ បានដោយជោគជ័យ ដែលធ្វើអោយស្ថានភាពប្រទេសមកល្អប្រសើឡើងវិញ ហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរប្រពៃណីជាតិខ្មែរឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នេះ អាចនឹងមានបងប្អូនប្រជាពលរដ្ឋយើង មកដើរលេងកម្សាន្តនៅខេត្តប៉ៃលិនយើងច្រើន ប្រកបដោយបរិយាកាសសប្បារីករាយ ក្រោមម្លប់សន្តិភាព។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់សមាជិក-សមាជិកា សសយកខេត្ត ត្រូវចូលរួមសហជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ តាមតួរនាទីភារៈកិច្ចដែលខ្លួនទទួលខុសត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន នេះ ជាពិសេសយើងត្រូវរួមគ្នា ធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ដោយឡែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយសមត្ថកិច្ចទាំង ៣ប្រភេទ ធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អគ្រប់គោលដៅកន្លែងប្រមូលផ្តុំមនុស្សច្រើនផងដែរ ។
សូមបញ្ជាក់រំលឹកថា៖ នាពេលកន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ដែលមានលោកជំទាវ បណ្ឌិត បាន ស្រីមុំ ជាប្រធាន បានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសការងារសង្គម និងការងារមនុស្សធម៌ នានា រួមទាំងការចូលរួមរៀបចំនូវព្រឹត្តិការណ៍ធំៗ និងសង្ក្រាន្តឆ្នាំថ្មីផងដែរ៕