បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ខួបលើកទី១១២
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ខួបលើកទី១១២
———————————————————
(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែណែនាំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់លើអាវុធហត្ថជាស្រ្តី នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីភាពក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ខួបលើកទី១១២ ក្រោមប្រធានបទ ” ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល “។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ អគាសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងលោកស្រីអាវុធហត្ថនារីជាច្រើនរូបផងដែរ។
ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងនូវការកោតសរសើរដល់អាវុធហត្ថនារី ដែលបានចូលរួមយ៉ាងសកម្មភាព ដោយមិនខ្លាចនឿយហត់ បម្រើកិច្ចការពារសន្តិសុខ សុវត្ថិភាព ប្រទេសជាតិ ទាំងនេះគឺជាការលះបង់យ៉ាងធំធេងរបស់នារី។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ក៏បានលើកឡើងទៀតថា ស្ត្រីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រី មានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់។
លោកឧត្តមសេនីយ៍ត្រី បន្តថា ឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹង សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ” ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ” ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ដោយ÷សហការី