សាខាកាកបាទក្រហមខេត្តប៉ៃលិន បើកកិច្ចពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខា BOCA ជុំទី២
សាខាកាកបាទក្រហមខេត្តប៉ៃលិន បើកកិច្ចពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខា BOCA ជុំទី២
———————————————————
ខេត្តប៉ៃលិន ៖ថ្ងៃទី២៣-២៤ ខែកុម្ភ: ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តប៉ៃលិន នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តមសៅ សារ៉ាត់ អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រី ព្រមទាំងក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល, ក្រុមប្រតិបត្តិសាខា, អនុសាខា, អ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជន, និងយុវជនកាកបាទក្រហមកម្ពុជា សរុប៣៩នាក់ ស្រ្តី១៥។
នៅក្នុងឱកាសនៃការចាប់ផ្ដើមកម្មវិធី ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណ:កម្មាធិការសាខា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមនយ៉ាងកក់ក្តៅ ដល់ក្រុមការងារប៉ាន់ប្រមាណសមត្ថភាពសាខា-BOCA ជុំទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាម
លក្ខណៈវិនិច្ឆ័យជាសាខាមានដំណើរការល្អ និងស្រមតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ។ ឯកឧត្តម អនុប្រធានគណៈកម្មាធិកាសាខា ក៏បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ដែលបានអញ្ជើញចូលរួមជាអធិបតី និងក្រុមការងារបច្ចេកទេសបានសម្របសម្រួលកិច្ចប្រជុំប៉ាន់ប្រមាណសមត្ថភាពសាខានាពេលនេះ។
នៅក្នុងមតិសំណេះសំណាលបើក ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកពីការប៉ាន់ប្រមាណសមត្ថភាពសាខា ហៅកាត់ជាភាសាអង់គ្លេសថា BOCA ដែលមានន័យថា “Branch Organizational Capacity Assessment” ដែលសមាគមជាតិនៅក្នុងសកលលោក បាននិងកំពុងអនុវត្ត ដែលក្នុងនោះ កាកបាទក្រហមកម្ពុជា បានទទួលយកវិធីសាស្រ្តបូកា BOCA មកអនុវត្តតាំងពីឆ្នាំ២០១៥ ។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការប៉ាន់ប្រមាណសមត្ថភាពសាខា មានវត្ថុបំណងចំនួន៣គឺ៖1-ស្វែងយល់អំពីសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា 2-ឈានទៅសម្រេចនូវការឯកភាពគ្នាជារួមលើអាទិភាពនានា សម្រាប់ជួយលើកកម្ពស់សាខាបន្ថែមទៀត និង 3-កសាងផែនការប្រតិបត្តិដើម្បីការពង្រឹង និងធានានិរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និងភាពធន់មាំរបស់សហគមន៍។
នៅចុងបញ្ចប់ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្ត អង្គពិធីទាំងមូល ចូលរួមយ៉ាងផុលផុស ក្នុងការកំណត់សូចនាករជាអាទិភាព សម្រាប់បំពេញបន្ថែមលើផែនការប្រចាំឆ្នាំ និងផែនការអភិវឌ្ឍន៍សាខា ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពសាខា និងមានភាពម្ចាស់ការក្នុងការផ្ដល់សេវាមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ស្របបានទៅតាមពាក្យស្លោក ” សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល៕ ដោយ ៖សហការី