មន្ទីរអប់រំ ខេត្តប៉ៃលិន បើកសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣
មន្ទីរអប់រំ ខេត្តប៉ៃលិន បើកសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣
———————————————————
(ប៉ៃលិន) ៖ នៅព្រឹកថ្ងៃទី ២ ខែមិនា ឆ្នាំ២០២៣ នៅសាល ប្រជុំមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន មានរៀបចំពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣ ស្ថិតក្រោមអធិបតីភាព លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីរដ្ឋបាលក្រុង/ស្រុក លោក លោកស្រីនាយក នាយករង និង លោកគ្រូ អ្នកគ្រូ ជាច្រើនរូប។ អង្គសន្និបាត ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែមិនា ឆ្នាំ២០២៣ ។
យោងតាមរបាយការណ៍ របស់មន្ទីរអប់រំ យុវជន នីងកីឡាខេត្តបានឲ្យដឹងថា៖ វិស័យអប់រំ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ គ្រឹះស្ថានសិក្សា បានដំណើរការរៀន និងបង្រៀន ដោយមធ្យមសិក្សា មានចំនួន ៩ សាលា ក្នុងនោះវិទ្យាល័យចំនួន៣ និងអនុវិទ្យាល័យចំនួន៦កន្លែង ដែលមានសិស្សសរុប ចំនួន ៥៤ ៨៥ នាក់ ស្រីចំនួន២៩៨០នាក់ ។ចំណែកបឋមសិក្សាមានចំនួន៥៣សាលា សិស្សសរុប១០.២៣១នាក់ ស្រី៥០២៧នាក់។ បឋមសិក្សាឯកជនមានចំនួន៩សាលា សិស្សសរុប១៤០៤នាក់ ស្រី៦៥២នាក់ ។ មត្តេយ្យសិក្សាសាធារណៈមានចំនួន២៥សាលា សិស្សសរុប១១៥៨នាក់ ស្រី៥១៦នាក់ មត្តេយ្យសហគមន៍មានចំនួន១១កន្លែង សិស្សសរុប២២១នាក់ ស្រី១០២នាក់ ,មត្តេយ្យសិក្សាឯកជន មានចំនួន៩សាលា សិស្សសរុបចំនួន៦៨១នាក់ ស្រី២១៩នាក់ ។
ក្នុងរបាយការណ៍ដដែល ក៍បានបញ្ជាក់ដែរថា៖ ចំពោះបុគ្គលិកអប់រំ មានចំនួនសរុប៨៥៨នាក់ ស្រី៤១៨នាក់ផងដែរ។
មានប្រសាសន៍ក្នុងឪកាសនោះដែរលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ត បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលបានខិតខំពុះពារទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ កន្លងមក ជាពិសេសការសម្រេចចិត្ត ដ៍ខ្ពង់ខ្ពស់និងប្រកបដោយយុទ្ធសាស្ត្រ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាត និងផ្តល់អាទិភាព ឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បុគ្គលិកអប់រំ និងកុមារចាប់ពីដូសទី១ ដល់ដូសទី៦ ដែលការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ បានផ្តលឪកាសកាន់តែច្រើនថែមទៀត ដល់ការបើកដំណើរការប្រទេសជាប្រក្រតី។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំខេត្ត មានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាព នៃការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម ។
ការបើកសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២១-២០២២ និង លើកទិសដៅការងារឆ្នាំសិក្សា២០២២-២០២៣ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ហើយលោកប្រធានមន្ទីរ ក៍សង្ឃឹមថា សមាជិកសមាជិកា នៃអង្គសន្និបាត នឹងខិតខំ ចូលរួម បញ្ចេញមតិយោបល់ ធ្វើបទបង្ហាញ និងពិភាក្សាក្នុងរយៈពេលពីរថ្ងៃនេះ ដើម្បីរកឱ្យឃើញនូវ បញ្ហាចម្បងៗ ដើម្បីដាក់ចេញ ជាអនុសាសន៍ សម្រាប់អនុវត្តនាឆ្នាំសិក្សាថ្មី ២០២២-២០២៣ ឲ្យបានសម្រេច ទៅតាមផែនការ ដែលបានគ្រោងទុកផងដែរ៕ដោយ÷សហការី