កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត
កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត
———————————————————
បន្ទាយមានជ័យ៖ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្ត នៅសាលប្រជុំ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាប្រធានក្រុម PWG/RWSSHបានលើកឡើងថាៈ ការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការគិតគូរពីសុខមាលភាព ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។
លោកបានបន្តថា ដោយមើលឃើញយ៉ាងច្បាស់អំពីផលប៉ៈពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីវិភាគអំពីលទ្ធភាព នៃធនធានធ្វើយ៉ាងណាសម្រេចឲ្យបាននូវអត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងការប្រើប្រាស់បង្គន់អនាម័យ ៩០% ការអនុវត្តការលាងដៃជាមួយសាប៊ូក្នុងពេលសំខាន់ៗ ៩០% និងការប្រើប្រាស់ទឹកសុវត្ថិភាពតាមរយៈការបន្សុទ្ធទឹកតាម វិធីសាស្ត្រ សមស្រប៩០% នៅឆ្នាំ ២០២៣ ហើយលើសពីនេះទៅទៀតគឺ ការសម្រេចឲ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ។
លោកអភិបាលរងខេត្ត បានបន្តទៀតថា ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ស្របទៅតាមគោលនយោបាយកាត់ បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនោះលោក ក៏បានផ្តាំផ្ញើអោយអង្គភាពពាក់ព័ន្ធនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្តកំណត់ផែនការសកម្មភាព តាមសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្ពោះសម្រេចអោយតាមទស្សន វិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនិងសហគមន៍ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។
ក្នុងឱកាសនោះដែរ លោក ជា យុទ្ធារុណ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍ បានមានប្រសាសន៍ ថា កិច្ចប្រជុំនេះមានគោលបំណង ប្រកាសសមាសភាព និងពង្រឹងការទទួលខុសត្រូវរបស់ក្រុមការងារបច្ចេកទេស វិស័យ ផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត។ ពិនិត្យតាមដានពីវឌ្ឍនភាព និងពន្លឿនការសម្រេចបានស្ថានភាព បញ្ចប់ ការបន្ទោរបង់ពាសវាលពាក្យកាល(ODF)នៃការអនុវត្តផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹក ការសំអាតនិងអនាម័យជនបទឆ្នាំ ២០១៩-២០២៣។ ពង្រឹងការគ្រប់គ្រងទិន្នន័យហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។ គៀងគោធនធានដើម្បីសម្រេច(ODF) រួមទាំងពិនិត្យលទ្ធភាព បង្កើនថវិកាវិនិយោគផងដែរ៕ដោយ÷សហការី