អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ មិនបានសម្រេច នៅក្រុងប៉ោយប៉ែត
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ មិនបានសម្រេច នៅក្រុងប៉ោយប៉ែត
———————————————————
(បន្ទាយមានជ័យ)៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីចោរលួច កាច់សោករម៉ូតូ ដែលប្រព្រឹត្តបានកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចបរិវេណកន្លែងផ្ញើម៉ូតូកាស៊ីណូ ផារ៉ាមិក ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង សោរលេខ៨ ចំនួន០១ដើម,ដែកស្រួចកែច្នៃប្រវែង ៨សង់ទីម៉ែត្រចំនួន ០១ដើម រួចនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ធា ណាក់ (ហៅឆាត) ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅមិនមិនពិតប្រាកដ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបញ្ជាក់ថា យោងតាមសំដីរបស់ដើមបណ្ដឹង នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានចតម៉ូតូនៅបរិវេណកន្លែង ផ្ញើម៉ូតូកាស៊ីណូ ផារ៉ាមិក បន្ទាប់មកនៅវេលាម៉ោង២១ និង០០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែសន្តិសុខមកប្រាប់ថា ម៉ូតូរបស់ខ្លួនត្រូវបានចោរលួចកាច់សោ.ក តែត្រូវបានសន្តិសុខឃាត់ខ្លួនប្រគល់ទៅឱ្យអាវុធហត្ថហើយ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ទៀតថា តាមការបំភ្លឺពីសន្តិសុខ ឱ្យដឹងថា គាត់បានឃើញបុរសម្នាក់បានធ្វើសកម្មភាពអង្គុយលើម៉ូតូម៉ាកហុងដា ZOOMER X និងបានចាប់ដៃម៉ូតូអង្កៀកចុះឡើងៗ ភ្នែកងាកឆ្វេងងាកស្ដាំចុះឡើង ដៃម្ខាងកាន់របស់អ្វីមួយកំពុងដាក់ចូលក្នុងរន្ធសោរម៉ូតូ ភ្លាមនោះរូបគាត់ និងសន្តិសុខម្នាក់ទៀតបានទៅសួរនាំ ក៏ប្រទះឃើញមានសោរលេខ៨ និងដែកកែច្នៃសម្រាប់កាច់សោរ.ក ម៉ូតូ ភ្លាមនោះរូបគាត់ក៏បានរាយការណ៍ទៅកម្លាំងអាវុធហត្ថតែម្ដង។ ក្រោយឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕ដោយ÷សហការី