សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាជុំទី២ សម្រាប់ខេត្តបន្ទាយមានជ័យ
សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាជុំទី២ សម្រាប់ខេត្តបន្ទាយមានជ័យ
———————————————————
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាជុំទី ២ សម្រាប់ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី ២ កាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
ឯកឧត្តម អ៊ុំរាត្រី បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំធ្វើការប៉ាន់ប្រមាណនូវសមត្ថភាពជុំទី ២(បូកា)នាថ្ងៃនេះក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឲ្យមានប្រសិទ្ធភាព តាមលក្ខណៈវិនិច្ឆ័យ ជាសាខាឱ្យមានដំណើរការល្អ និងស្របតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ ដែលពេលនេះសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ក៏បានអភិវឌ្ឍន៍ខ្លួនឈានមួយជំហានពីកម្រិតសាខាអប្បបរមា ទៅជាសាខាអភិវឌ្ឍន៍កម្រិតទី ១ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមទស្សនៈវិស័យជាស្ថាប័នមនុស្សធម៌ នាំមុខគេនៅកម្ពុជានិងក្លាយជាសាខាដែលមានភាពជាម្ចាស់ការខ្ពស់ តាមទិសយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា ជារៀងរាល់ឆ្នាំក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានខិតខំកៀងគរមូលនិធិពីសប្បុរសជន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ព្រមទាំងព្រះសង្ឃ ដែលជាការចូលរួមចំណែកលើវិស័យមនុស្សធម៌ ខ្មែរជួយខ្មែរ ហើយការចាយវាយគឺមានការសន្សំសំចៃខ្ពស់ ផ្ដល់ជូនចំគោលដៅ ជាក់ស្ដែងក្នុងខេត្តបន្ទាយមានជ័យជារៀងរាល់ឆ្នាំតែងតែជួបគ្រោះមហន្តរាយធម្មជាតិ ច្រើនជាងគេទូទាំងប្រទេស ដូចជាខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត។ប៉ុន្តែ ទោះបីជាលំបាកយ៉ាងណាក៏ក្រុមប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត នៅតែបន្តចុះជួយសង្គ្រោះផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ដោយមិនទុកឱ្យពួកគាត់ស្លាប់ដោយអត់អាហារនោះឡើយ។
ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី ២ កាកបាទក្រហមបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ស្ថាប័នគឺជាវិស័យអាទិភាពទី ៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា តាមរយៈឧបករណ៍លក្ខណៈវិនិច្ឆ័យសាខាមានដំណើរការល្អ។
ឯកឧត្តម យូ ឡាណា បន្តថា ការប៉ាន់ប្រមាណសមត្ថភាពស្ថាប័នសាខា (បូកា) មានវត្ថុបំណង ៣ គឺ ស្វែងយល់ពីរសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា។ឈានទៅសម្រេចការឯកភាពរួមគ្នាលើអាទិភាពនានា សម្រាប់ជួយលើកកម្ពស់ការបំពេញការងាររបស់សាខាបន្ថែមទៀត។រៀបចំផែនការអភិវឌ្ឍន៍ សម្រាប់ពង្រឹង និងធានានិរន្តរភាពនៃសមត្ថភាពផ្ដល់សេវាកម្មរបស់សាខា និងភាពធន់មាំរបស់សហគមន៍។ការប៉ាន់ប្រមាណសមត្ថភាពស្ថាប័នសាខា មិនមែនជាការវាយតម្លៃឬការធ្វើតេស ឬការចាប់កំហុសទេគឺ ជាការពិភាក្សាផ្លាស់ប្ដូរយោបល់ ឯកភាពរួមលើការកំណត់សូចនាករ ក្នុងសមត្ថភាពស្នូលទាំង៥ នៃបញ្ជីសំណួរស្ដីពីការប៉ាន់ប្រមាណសមត្ថភាពស្ថាប័នសាខា។ លទ្ធផលដែលសាខានិងទទួលបានពីការប្រមាណសមត្ថភាពសាខា ក្នុងរយៈពេលមួយថ្ងៃកន្លងនេះ គឺជាផែនទីចង្អុលផ្លូវដល់សាខាផ្ទាល់ក្នុងការពិនិត្យ វិភាគស្ថានភាពបច្ចុប្បន្នរបស់ខ្លួនហើយកំណត់រួមគ្នានៅអាទិភាព និងជំហានត្រូវអនុវត្តបន្ត ដើម្បីឈានទៅសម្រេចឱ្យបាននូវសូចនាករនានាដែលមិនទាន់បានខ្ពស់ សមតាមបំណងប្រាថ្នារបស់សាខា អនុសាខា ៕ដោយ÷សហការី