យុវជនម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
យុវជនម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
——————————————————–
(បន្ទាយមានជ័យ)៖ជនសង្ស័យឈ្មោះ ប៉ិត វត្តណា ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ការឃាត់ខ្លួននេះបានធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងពី ឈ្មោះ សាំង ទីន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត លើករណីប្អូនថ្លៃប្រើហិង្សាមកលើខ្លួន និងប្រពន្ធ បណ្ដាលឱ្យរងរបួសចំផ្ទៃមុខ ។ វត្ថុតាងដកហូតបានរួមមាន ៖ កាំបិតសាំម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ០១ដើម ,កូនកាំបិតកែច្នៃប្រវែង ៣០សង់ទីម៉ែត្រ ០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យ ធ្លាប់ជាប់មណ្ឌលកែប្រែភ្នំបាក់ចំនួន០៦ខែ ដោយសារប្រើប្រាស់គ្រឿងញៀន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនម្តងរួចមកហើយ។ ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជា ការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ដោយ ÷ សហការី