Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីអំពីលទ្ធផលនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨

 

នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីអំពីលទ្ធផលនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ (២២-២៤ ខែសីហា ឆ្នាំ២០២៤) ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

 

តបតាមការអញ្ជើញរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម អនុធីន ឆានវីរៈកូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ និងជាប្រធានគណៈប្រតិភូថៃ បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដឹកនាំគណៈប្រតិភូថៃចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ នាថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេល នៃកិច្ចប្រជុំ ឯកឧត្តម អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រាក់ទាក់ និងយោគយល់គ្នាទៅវិញទៅមក រួបរួមសាមគ្គីគ្នា និងភារតភាពក្នុងនាមជាប្រទេសជិតខាងល្អ ក្រោមប្រធានបទ “ពង្រឹងការអភិវឌ្ឍនៅតំបន់ព្រំដែនប្រកបដោយចីរភាព និងបរិយាបន្ន”។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ ត្រង់ទៅត្រង់មក និងបានប្តេជ្ញាពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងបន្តកសាង និងថែរក្សាការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាផលប្រយោជន៍ទៅវិញទៅមករបស់ ប្រជាពលរដ្ឋ និងរបស់ប្រទេសទាំងពីរ។

 

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា- ថៃលើកទី៧ កាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ និងបានកត់សម្គាល់ពីការបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំបានសង្កត់ធ្ងន់ ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើវិស័យនានាជាច្រើន ដូចខាងក្រោម៖

 

១-ការឆ្លងកាត់ព្រំដែន ភាគីទាំងពីរឯកភាពគ្នាពង្រឹងការអនុវត្តកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ ព្រំដែនរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៥ ព្រមទាំង ជំរុញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន បង្កើនកិច្ចសហការគ្នាក្នុងការលើកកម្ពស់ការគ្រប់គ្រងការឆ្លងកាត់ព្រំដែន។

 

២-កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅតាមព្រំដែន៖ ភាគីទាំងពីរ លើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់អាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក្នុងការជំរុញការធ្វើ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដូចជា ការផ្គូផ្គងពាណិជ្ជកម្ម ការជំរុញរៀបចំសិក្ខាសាលាវិនិយោគ ពិព័រណ៍ ពាណិជ្ជកម្ម ការលើកដាក់ទំនិញ ការនាំចេញនាំចូលផលិតផលកសិកម្ម។ ភាគីទាំងពីរឯកភាពគាំទ្រ កិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ថៃ។ ភាគីទាំងពីរឯកភាពគ្នាបន្តជំរុញ និង ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពី។ ភាគីទាំងពីរឯកភាពគ្នា ជួយសម្រួលដល់ការដឹកជញ្ជូនកសិផលឆ្លងដែនជាពិសេសនៅរដូវប្រមូលផល។

 

៣-វិស័យឧស្សាហកម្ម៖ ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សាហកម្ម ដើម្បីផ្តល់លទ្ធភាពក្នុងការគាំទ្រដល់វិនិយោគិននៃប្រទេសទាំងពីរ ធ្វើការបណ្តាក់ទុនបើក ដំណើរការនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

 

៤-វិស័យដឹកជញ្ជូន៖ ភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យដឹកជញ្ជូន និងការតភ្ជាប់រវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ដែលរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នាលើការបើកឱ្យដំណើរការច្រកទ្វារព្រំដែន និងនៅតំបន់ព្រំដែនដែលមានសក្តានុពលលើ ផ្នែកពាណិជ្ជកម្ម។ ភាគីទាំងពីរគាំទ្រការអភិវឌ្ឍសេវាដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតាមផ្លូវដែកដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដឹកជញ្ជូន។

 

៥-កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មតាមតំបន់ព្រំដែនះ ភាគីទាំងពីរលើកទឹកចិត្ត ឱ្យខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរសម្របសម្រួលដល់ការធ្វើជំនួញលើផលិតផលកសិកម្មឆ្លងកាត់ ព្រំដែនរវាងប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ការពារ និងគ្រប់គ្រងព្រៃឈើ អភិរក្សជីវៈចម្រុះ ទប់ស្កាត់ការជួញដូរឈើ អនុផលព្រៃឈើ និងសត្វព្រៃ ឆ្លងដែនខុសច្បាប់។

 

៦-កិច្ចសហប្រតិបត្តិការលើវិស័យការងារៈ ភាគីកម្ពុជាថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះភាគីថៃដែលបានលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលព្រះរាជាណាចក្រថៃ (Re-Entry Permit) ដល់ពលករកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤។ ភាគីទាំងពីរ ឯកភាពគ្នាជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញស្របតាមតម្រូវការទីផ្សារការងារ។ ភាគីទាំងពីរឯកភាពជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ត្រី ពាក់ព័ន្ធសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់ និងឃាត់ខ្លួនមេខ្យល់ ដែលជាប់ពាក់ព័ន្ធនឹងការនាំ ពលករឆ្លងដែនខុសច្បាប់ចូលប្រទេសទាំងពីរ។

 

៧-ច្រកទ្វារព្រំដែនះ ភាគីទាំងពីរឯកភាពសហការក្នុងការពន្លឿនបើកដំណើរការជាផ្លូវការ នូវច្រកទ្វារព្រំដែនដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ព្រមទាំងពិនិត្យលទ្ធភាព បង្កើតច្រកទ្វារព្រំដែនថ្មី ដើម្បីពង្រឹង និងសម្របសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន។ ភាគីទាំងពីរបានឯកភាពជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនឱ្យបាន សមស្រប ដើម្បីបំពេញតម្រូវការនៃការចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរដែលមាននិន្នាការ កើនឡើងជាលំដាប់។ ភាគីទាំងពីរឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធលើការធ្វើសាមញ្ញកម្ម និងកាត់បន្ថយនូវបែបបទនីតិវិធីស្មុគស្មាញនៃការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការឆ្លងកាត់ ព្រំដែន និងដោះស្រាយបញ្ហាកកស្ទះនៅមាត់ច្រកទ្វារព្រំដែន។

 

៨-ការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបន្តបង្កើនកិច្ចសហការ និងផ្តល់ការគាំទ្រដល់ ការងារវាស់វែង និងកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្ត មិនបណ្តែតបណ្តោយឱ្យបញ្ហាព្រំដែនជះឥទ្ធិពលដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ភាគីទាំង ពីរបានឯកភាពគ្នាថាភាគីទាំងពីរគួរចៀសវាងចំពោះសកម្មភាពទាំងឡាយដែលរំលោភបំពានលើខ្សែបន្ទាត់ព្រំដែនដែលមានស្រាប់ និងមិនធ្វើការងារអ្វីដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ ព្រំដែននោះឡើយ។

 

៩-ការកាប់ឈើខុសច្បាប់៖ ភាគីទាំងពីរស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនបន្តសហការគ្នា ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ឈើខុសច្បាប់ និងបទល្មើសធនធានធម្មជាតិនៅតំបន់ព្រំដែនបន្ត ទៀត។

 

១០-ការបង្ការ ទប់ស្កាត់ និងការបង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានឯកភាព គ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារជាតិ សំដៅថែរក្សា ឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ភាគីទាំងពីរបានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យ នរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ភាគីម្ខាង ទៀត ឬធ្វើសកម្មភាពណាមួយដែលបង្កអសន្តិសុខ ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ។

 

កិច្ចប្រជុំក៏បានពិភាក្សាអំពីការងារកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតរវាងខេត្ត ជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ។កិច្ចប្រជុំបានលើកទឹកចិត្តដល់អភិបាលខេត្ត ក្រុង ស្រុកជាប់ព្រំដែន ជួបប្រជុំគ្នាជាប្រចាំដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះម្តងម្នាក់ ក្នុងពេលវេលាសមស្របមួយ ដែលបាន ព្រមព្រៀងគ្នាដោយអភិបាលខេត្ត ក្រុង ស្រុកជាប់ព្រំដែននៃប្រទេសទាំងពីរ។

 

កិច្ចប្រជុំក៏បានពិភាក្សាអំពីការងារកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតរវាងខេត្ត ជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ។កិច្ចប្រជុំបានលើកទឹកចិត្តដល់អភិបាលខេត្ត ក្រុង ស្រុកជាប់ព្រំដែន ជួបប្រជុំគ្នាជាប្រចាំដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះម្តងម្នាក់ ក្នុងពេលវេលាសមស្របមួយ ដែលបាន ព្រមព្រៀងគ្នាដោយអភិបាលខេត្ត ក្រុង ស្រុកជាប់ព្រំដែននៃប្រទេសទាំងពីរ។

 

ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយ ចំពោះខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០២៥។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ កំណត់ហេតុនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨។

 

ភាគីទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៩ នឹងប្រារព្ធធ្វើនៅព្រះរាជាណាចក្រថៃនាពេលវេលាសមស្របតាមការព្រមព្រៀងគ្នា។ កាលបរិច្ឆេទ និង ទីកន្លែងនៃកិច្ចប្រជុំនឹងធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរយៈការទូត។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button