រដ្ធមន្រ្តីក្រសួងពត័មានណែនាំដល់អ្នកសារពត័មាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ និងក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួនយើង ហើយសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានបញ្ជាក់ទៀតថា អ្នកសារព័ត៌មានត្រូវឈរ លើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់ បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នោះគឺជាការទទួលខុសត្រូវរបស់យើងទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានផ្សាយ ហើយក៏ជាការខុសក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន។
ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានលើកទឹកចិត្តដល់សមាគមសារព័ត៌មាន ឱ្យបន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដើម្បីឱ្យវិស័យសារព័ត៌មានកាន់តែមានគុណភាពខ្ពស់ ហើយតាមរយៈការបណ្ដុះបណ្ដាលនេះអ្នកសារព័ត៌មានត្រូវអនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។
ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល” រៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន៤ ដោយមានអ្នកសារព័ត៌មានចូលរួមសិក្សាចំនួន ៦៨៤នាក់ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ អគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា ។
ឯកឧត្ដម នេត្រ ភក្រ្ដា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកសារព័ត៌មានដែលបានរួមកម្លាំងគ្នាក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពដល់អ្នកសារព័ត៌មានជិត ៧០០នាក់ តាមរយៈវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល”។
ឯកឧត្តមរដ្ឋមន្ត្រីបានរម្លឹកសូមឱ្យអ្នកសារព័ត៌មានយកចិត្តទុកដាក់ក្នុងការសរសេរអត្ថបទព័ត៌មានជាអក្សរខ្មែរឱ្យបានត្រឹមត្រូវតាម អក្ខរាវិរុទ្ធ ព្រោះថាបើយើងសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវហើយ ធ្វើឱ្យប៉ះពាល់ដល់អក្សរសាស្ត្រជាតិ ហើយនៅពេលដែលយើងផ្សព្វផ្សាយចេញទៅដោយមិនពិនិត្យអក្ខរាវិរុទ្ធ ត្រឹមត្រូវ ក្មេងៗ និងអ្នកផ្សេងទៀតបើកមើលអត្ថបទនោះ ដែលបានរក្សាទុកនៅក្នុងទិន្នន័យរបស់ Google នឹងធ្វើឱ្យមានការភណ្ឌច្រឡំជាក់ជាមិនខាន ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានរម្លឹកផងដែរពីប្រវត្តិសាស្ត្រទាក់ទងអ្វីទៅជាសង្គ្រាមឆ័ត្រ ដោយឯកឧត្ដមបានបញ្ជាក់បន្ថែមថា បើគ្មានសង្គ្រាមឆ័ត្រទេពេលនេះប្រហែលជាយើងគ្មានថ្ងៃស្គាល់អក្សរខ្លួនឯងឡើយ ។
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែប ឌីជីថល” លោកបណ្ឌិត ម៉េង សុភណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិកត្រូនិច MSJ បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលដែលសិក្ខាកាមទទួលបាននូវមេរៀន មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល ដែលជាការឆ្លើយតបយ៉ាងសំខាន់លើវិស័យព័ត៌មាន និងព័ត៌មានវិទ្យា លើការគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃការបញ្ចេញមតិ សិទ្ធិក្នុងការទទួលយកព័ត៌មាន ក្របខ័ណ្ឌច្បាប់ និងការផ្សព្វផ្សាយព័ត៌មានលើបណ្តាញឌីជីថល ។
សូមជម្រាបជូនថា អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធប្រមាណជិត ៧០០នាក់ ទទួលបានការបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែប ឌីជីថល” រយៈពេល២ថ្ងៃ ដោយបានយល់នូវដឹងពីមេរៀនទាក់ទងសណ្តាប់ធ្នាប់ព័ត៌មាន បែបឌីជីថល របៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល របៀបសរសេរអត្ថបទព័ត៌មាន និងមាតិកា ស្វែងយល់ពីពាក្យគន្លឹះក្នុងវិស័យបរិស្ថាន ពីក្របខ័ណ្ឌច្បាប់លើវិស័យព័ត៌មាន និងតុលាការ៕