សិស្សប្រុសសិស្សស្រីប្រហែល៩០០នាក់ក្នុងខេត្តប៉ៃលិនប្រឡងចូលថ្នាក់ទី១០
ប៉ៃលិន៖ នៅតាមមណ្ឌលនីមួយៗទូទាំងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ គេសង្កេតឃើញសិស្សានុសិស្សថ្នាក់ទី៩ នាំគ្នាសស្រាក់សស្រាំ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិស្សាបឋមភូមិ ដើម្បីអាចនឹងបន្តការសិក្សានៅថ្នាក់ទី១០ នាឆ្នាំក្រោយ ខណៈលោកគ្រូ អ្នកគ្រូ និងអនុរក្ស ប្រចាំមណ្ឌលនីមួយៗ ធ្វើការឆែកឆេរ និងពិនិត្យទៅលើបញ្ជីឈ្មោះ និងហាមប្រាមមិនឱ្យយកសំណៅឯកសារផ្សេងៗ ចូលក្នុងបន្ទប់ប្រឡងនោះឡើយ។
លោកគ្រូ ខាំ យ៉ារិន នាយកវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន និងជាប្រធានមណ្ឌលប្រឡងនាពេលនេះ បានឱ្យដឹងថា ៖ បេក្ខជនប្រឡងទាំងអស់ មិនអនុញ្ញាតឱ្យយកសំណៅឯកសារ ឬទូរស័ព្ទដៃ ចូលទៅក្នុងបន្ទប់ប្រឡងនោះឡើយ ហើយការប្រឡងនេះ គឺដូចគ្នានឹងការប្រឡងពេលមុនៗដែរ ។ លោកបន្តថា ការប្រឡងនេះ មានចំនួន១០មុខវិជ្ជា ដោយបេក្ខជនម្នាក់ៗ ត្រូវចូលរួមប្រឡងចាប់ពីវេលាម៉ោង៧ និង៣០នាទីព្រឹក ហើយពេលរសៀលចាប់ពីម៉ោង២ និង០០នាទីរសៀល តែបេក្ខជន ត្រូវមកឱ្យបានមុនម៉ោងប្រឡង ដើម្បីត្រៀមខ្លួនឱ្យរួចជាស្រេចក្នុងការប្រឡង។
ចំណែក លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ការចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសកម្ពុជាដែរ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២-០៣ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកបន្តទៀតថា នៅទូទាំងខេត្តប៉ៃលិន សិស្សានុសិស្ស ដែលចូលរួមប្រឡងមានចំនួន៩មណ្ឌល បន្ទប់សរុបចំនួន ៤០បន្ទប់ បេក្ខជនក្នុងបញ្ជីឈ្មោះប្រឡងចំនួន ៨៧៩នាក់ ស្រី ៤៧៩ នាក់ ហើយសម្រាប់ព្រឹកនេះបេក្ខជនអវត្តមាន ៥នាក់។