Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចុះបញ្ជីដីធ្លីជូនពលរដ្ឋ

 

ប៉ៃលិន៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា៖ ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដីធ្វើតែឯងនោះទេ គឺត្រូវចូលរួមធ្វើទាំងអស់គ្នា។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត, មេបញ្ជាការកងកម្លាំងទាំង៣, ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង ស្រុក, ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តច្រើនរូប។

 

ក្នុងប្រសាសន៍ស្វាគមន៍ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា៖ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តប៉ៃលិន កំពុងដំណើការ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានមន្ទីរ និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ហើយមកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធបានចេញបណ្ណ ចំនួន ៣៣ភូមិ បានបិទផ្សាយចំនួន ៦ភូមិ, កំពុងដំណើរការចុះបញ្ជី ចំនួន ៣៣ភូមិ, មិនទាន់ចុះបញ្ជីចំនួន ២១ភូមិ ក្នុងនោះ វាស់វែងបាន ៤១,២២៩ក្បាលដី, ប្រមូលទិន្នន័យបាន ៣៦,៦៦៤ក្បាលដី, គូសក្បាលដី បានចំនួន ៤១,២២៩ក្បាលដី,បិទផ្សាយចប់ ចំនួន ២០,៣៤៨ក្បាល់ដី, ចេញបណ្ណ ចំនួន ១៤,៦៥៥ក្បាលដី និងចែកប័ណ្ណបានចំនួន ១១,៦៥៥ប័ណ្ណ។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងថា៖ គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋត្រូវខិតខំបំពេញភារកិច្ចនេះ ឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស ហើយដើម្បីជំរុញការចុះបញ្ជីដីធ្លី «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការ ដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុង ទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានប្រសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងគ្រប់ភាគីពាកព័ន្ធទាំងអស់ ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រំ មរតកដ៏មានតម្លៃនានា ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកឲ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button