ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពចំនួន២របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង
(ស្វាយរៀង)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋបាលខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុប ៣២៦ នាក់។
នាឱកាសនោះ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុវត្តជាផ្លូវការនូវ “កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ដែលជាការងារអាទិភាពសំខាន់ចំនួន ២ ក្នុងចំណោមការងារអាទិភាពចំនួន ៦ នៃកម្មវិធីនយោយបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ និងជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន។
ដើម្បីសម្រេចឱ្យបានជោគជ័យសម្រាប់ការងារអាទិភាពទាំងពីរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើ ថ្នាក់ដឹកនាំទទួលបន្ទុក, រដ្ឋបាលខេត្ត, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ដៃគូអភិវឌ្ឍន៍, សមាគម, មន្ទីរ,អង្គភាពជុំវិញខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ក្រុមប្រឹក្សា, ស្មៀន, និងមេប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ សូមចូលរួមសហការក្នុងការផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មវិធីនេះ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទទួលបានគាំទ្រ និងទទួលអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីទាំងពីរនេះ៕