Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទូទាំងប្រទេស ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត លើក្រុមក្មេងទំនើងដោយគ្មានការលើកលែង.

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ រួមជាមួួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹងនិងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមភ្ជាប់មួយទៀតរឿងបងធំបងតូចកាប់គ្នាច្រើនណាស់អត់កើតទេ សូមពង្រឹងកិច្ចការងារនេះ, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជារទៅអភិបាលរាជធានីខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើងជាពិសេសក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ និងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ»។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ដោយធ្វើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីធ្វើយ៉ាងណាការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមាន។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្តិសុខសង្គម សុវត្ថិភាពនៅតាមភូមិឃុំ គឺជាគោលដៅអតិភាពចម្បងរបស់រាជរដ្ឋាភិបាល, ចំពោះបញ្ហាគ្រឿងញៀនយើងបានអនុវត្តន៍ ហើយក៏នៅតែបន្តអនុវត្តន៍ជាប្រចាំបន្តទៀត, ក្នុងនោះចំពោះបញ្ហារឿងបើកឡានស្រវឹងបុកគេ គឺតាមអនុវត្តន៍ចាប់មិនឱ្យរួចនោះទេ បញ្ហានេះគឺរាងស្ងប់ស្ងាត់ហើយ តែបញ្ហានៅពេលនេះគឺនៅមានក្រុមដាវស៉ាំម៉ូរៃ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា សម្តេចបានឱ្យខាងច្បាប់ និងក្រសួងយុត្តិធម៍ពិនិត្យមើលហើយ រឿងដាក់ដាវស៉ាំម៉ារៃតាមខ្លួននេះមិនបាននោះទេ ជាពិសេសគឺសិស្សសាលា, សម្តេចក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

 

បន្ថែមពីនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អាណាព្យាបាល និងឱពុកម្តាយគ្រប់រូប ត្រូវខិតខំតាមដានអប់រំនិងទូន្មានប្រដៅកូនៗខ្លួនឱ្យបានល្អ ព្រោះកិច្ចការនេះត្រូវទាមទារឱ្យមានការចូលរួមទាំងនៅក្នុងផ្ទះ និងនៅក្នុងសាលា ទើបក្មេងៗទទួលបានផលល្អនិងទទួលបានអនាគត់ដ៏ល្អផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button