សាសនិកអ៊ីស្លាមចំនួន១៧០គ្រួសារក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទទួលបានកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិហារហាយ៉ាឌុលអ៊ីស្លាម ភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការអភិវឌ្ឍន៍មូស្លីមកម្ពុជា បានផ្តល់ជូនកញ្ចប់អាហារស្រាយបួសដល់សាសនិកអ៊ីស្លាមចំនួន១៧០គ្រួសារ ដែលអញ្ជើញមកពីក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។
ប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាសនិកអ៊ីស្លាមកម្ពុជា ជូនដល់សាសនិកអ៊ីស្លាមទាំងអស់ដែលបាន និងកំពុងបន្តអនុវត្តបំពេញកាតព្វកិច្ចបួសក្នុងខែរ៉ាម៉ាឌន ដែលនឹងត្រូវបញ្ចប់ក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខនេះ។ សូមឱ្យមានការអត់ធ្មត់ ព្យាយាមប្រឹងប្រែង អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពតាមបទបញ្ជា ប្រើរបស់អុលឡោះជាម្ចាស់។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា សូមឱ្យសាសនិកអ៊ីស្លាមទាំងអស់ បន្តចូលរួមគាំទ្រ យ៉ាងពេញទំនឹងចំពោះការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និងនៅតែបន្តដឹងគុណ គាំទ្រជានិច្ច ដល់គណ:បក្សប្រជាជនកម្ពុជា ដែលបានស្រោចស្រង់ ប្រទេសជាតិទាំងមូល ឱ្យរួចផុតពីរបប្រល័យពូជសាសន៍ និងសង្គ្រាម រ៉ាំរ៉ៃ អស់រយ:ពេលជាច្រើនទសវត្ស ហើយចូលរួមថែរក្សាសន្តិភាពដោយ បន្តបោះឆ្នោត គាំទ្រគណ:បក្សប្រជាជនកម្ពុជាជារៀងរហូត តទៅ។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនរួមមាន អង្ករ១៥គីឡូក្រាម, មី១០កញ្ចប់, ទឹកដោះគោខាប់២កំប៉ុង, ស្ករស១គីឡូក្រាម៕ ដោយ ៖ នីយ៉ា