Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

បុរសចំណាស់អតីតមន្រ្តីយោធាម្នាក់ ចុះដាក់មងក្នុងស្រះទឹកជម្រៅជាង៤ម៉ែត្រ បណ្តាលឱ្យលង់ស្លាប់

 

ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេស្គាល់ថា ជាអតីតមន្រ្តីយោធា បាននាំប្រពន្ធទៅដាក់មងក្នុងស្រះទឹកមួយកន្លែងនៅក្បែរផ្ទះរបស់ខ្លួន លុះប្រពន្ធសុំទៅងូតទឹកឯផ្ទះ១ភ្លែត ស្រាប់តែពេលត្រឡប់មកវិញបាត់ប្តី រកមិនឃើញ ក៏ស្រែកឱ្យអ្នកជិតខាងជួយដើររក និងចុះរាវក្នុងទឹកស្រះ ដោយចំណាយពេលជាច្រើនម៉ោង នៅតែរកមិនឃើញ ព្រោះស្រះទឹកធំហើយជ្រៅ រហូតដល់ពេលព្រឹក ទើបប្រទះឃើញសពអណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ហេតុការណ៍បុរសចំណាស់អតីតមន្រ្តីយោធាម្នាក់ ចុះទៅដាក់មងក្នុងស្រះទឹក ហើយបាត់ខ្លួនរកមិនឃើញនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅក្បែរផ្ទះរបស់ខ្លួន ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតមកដល់វេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ទើបសពអណ្តែត។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ឡុំ លាវ ភេទប្រុស អាយុ៦១ឆ្នាំ ជាអតីតមន្រ្តីយោធា រស់នៅក្នុងភូមិកើតហេតុខាងលើ បានលង់ទឹកស្រះ ដែលមានជម្រៅជាង៤ម៉ែត្រ។ ប្រភពបន្តទៀតថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះ បាននាំប្រ ពន្ធរបស់ខ្លួន ទៅដាក់មងនៅក្នុងស្រះទឹកខាងលើ។ ពេលគាត់កំពុងតែរាយមង ស្រាប់តែប្រពន្ធសុំទៅផ្ទះ ងូតទឹក១ភ្លែត។ លុះពេលប្រពន្ធត្រឡប់មកវិញ រកមើល មិនឃើញប្តីរបស់ខ្លួន ក៏សួរអ្នកជិតខាង និងដើររកក្បែរៗ នោះនៅតែមិនឃើញដដែល ទើបប្រពន្ធស្រែកហៅកូន និងសាច់ញាតិបងប្អូនឱ្យចុះទៅជួយរាវរកក្នុងទឹកស្រះ ដោយអ្នកខ្លះមុជទឹករាវរក អ្នកខ្លះទៀត ប្រើអួនអូសរកមើលជនរងគ្រោះ ក៏នៅតែរកមិនឃើញដដែល ដោយម្នាក់ៗ នាំគ្នារកតាំងពីល្ងាចរហូតដល់ម៉ោង៩ជាង នៅតែមិនឃើញក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ។ ប្រភពបញ្ជាក់ទៀតថា រហូតដល់ព្រឹកឡើង ប្រពន្ធនិងកូនជនរងគ្រោះមិនអស់ចិត្ត ក៏ដើរទៅមើលកន្លែងស្រះទឹក ស្រាប់តែប្រទះឃើញសពប្តីរបស់ខ្លួនអណ្តែត ក៏នាំគ្នាស្រែកទ្រហោយំ និងឱ្យគេស្រង់យកឡើងគោកទាំងមិនអស់ចិត្ត។

សាច់ញាតិជនរងគ្រោះបញ្ជាក់ថា មុនពេលបុរសខាងលើចុះទៅដាក់មងក្នុងទឹកស្រះ គាត់ក៏បានហូបស្រាបៀរ ប្រហែល២ ទៅ៣កំប៉ុងដែរ នេះប្រហែលជាធ្វើឱ្យគាត់ស្រវឹង និងកើតជាជំងឺខ្យល់គ. មិនអាចហែលទឹកស្រះបាន ក៏បណ្តាលឱ្យលង់ស្លាប់បែបនេះតែម្តង។

ក្រោយពេលកើតហេតុ មន្រ្តីនគរបាល និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលសពជនរងគ្រោះ ព្រមទាំងប្រមូលឱ្យប្រពន្ធកូន និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button