បុរសម្នាក់យកគ្រាប់បែកមកដាប់យកស្ពាន់ធ្វើកែវផឹកស្រា បណ្តាលឲ្យផ្ទុះស្លាប់..
(សូមប្រុងប្រយ័ត្នទាំងអស់គ្នា)
បុរសម្នាក់យកគ្រាប់បែកមកដាប់យកស្ពាន់ធ្វើកែវផឹកស្រា បណ្តាលឲ្យផ្ទុះស្លាប់..
កំពង់ធំ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈយកគ្រាប់បែកមកដាប់យកស្ពាន់ធ្វើកែវផឹកស្រា ។
ករណីនេះ កើតឡើងនៅវេលាម៉ោងប្រមាណ ៧និង២០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
យោងតាមសម្ដីអ្នកជិតខាងបានរៀបរាប់ប្រាប់ថា នៅពេលព្រឹកព្រលឹមស្រាងៗ ក្នុងថ្ងៃកើតហេតុខាងលើ បុរសជនរងគ្រោះ និង អ្នកជិតខាងបង់សំណាញ់បានគ្រាប់បែក១គ្រាប់ ពីក្នុងស្ទឹង បន្ទាប់មកយកផ្ទះក្នុងគោលបំណងវាយបំបែក យកស្ពាន់ខាងក្នុងដើម្បីធ្វើជាកែវសម្រាប់ផឹកស្រា។
ជាមួយគ្នានេះលោកពូ ម្នាក់បន្តប្រាប់ឲ្យដឹងទៀតថា ទោះបីជាមានការហាមឃាត់ពីគាត់ និង ប្រាប់ពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់បែកនោះក៏ ជនរងគ្រោះមិនស្តាប់ដែរ ដោយនិយាយថាមកកាន់គាត់ថា ខ្លួនធ្វើទាហ៊ានជិត៣០ឆ្នាំហើយ ឆ្លងកាត់គ្រាប់បែក គ្រាប់មីន គ្រាប់កាំភ្លើង រាប់មិនអស់ និងមានបទពិសោធន៍ច្រើនដែររឿងគ្រាប់បែកនោះ និយាយហើយក៏ដើរចេញទៅផ្ទះរៀងខ្លួន ដោយគ្មានអ្នកណាហ៊ាន ទៅជាមួយគាត់ទេ មួយសន្ទុះក្រោយមកឮ ស្នូរផ្ទុះតែម្តង បាននាំគ្នាទៅមើលឃើញជនរងគ្រោះដេកក្នុងថ្លុកឈាមទៅហើយ ភ្លាមនោះបានបញ្ជូនយកទៅសង្គ្រោះ ប៉ុន្តែជាអកុសលបានស្លាប់បាត់បង់ជីវិតពេលទៅដល់ពេទ្យ។
ដោយឡែកប្រភពពីសមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះនឿន វិត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ/ឃុំ កើតហេតុខាងលើ។ ក្រោយធ្វើការពិនិត្យកោសលវិច្ច័យ បញ្ជាក់ថាសព ពិតជាស្លាប់ដោយសារផ្ទុះគ្រាប់បែកត្រូវជាច្រើនកន្លែង បច្ចុប្បន្នសពប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕សហការី