Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

 

ភ្នំពេញ៖ នៅសណ្ឋាគារសុខា រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រសាសន៍ឱ្យដឹងថា៖ ក្រសួងព័ត៌មាន ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងនោះផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយការពិតពីកម្ពុជាតាមរយៈព្រឹត្តិបត្រ កាសែត ទស្សនាវដ្តី រូបថត វិទ្យុ ទូរទស្សន៍ និងផ្សព្វផ្សាយតាមអេឡិចត្រូនិច អនុញ្ញាតឱ្យធ្វើអាជីវកម្ម និងគ្រប់គ្រងសេវាកម្មនានា ដែលទាក់ទងការចេញផ្សាយផលិតផលព័ត៌មានសោតទស្សន៍ គាំពារសិទ្ធិសេរី ភាពសារព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការសារព័ត៌មាន និងសោតទស្សន៍អន្តរជាតិ។

 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តថា៖ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាលទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧ វិស័យព័ត៌មាន និងសោតទស្សន៍កាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមការវិវត្តរីកចម្រើននៃបច្ចេកវិទ្យា ព័ត៌មាននាពេលបច្ចុប្បន្ន ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពចម្រុះ និងគ្រប់ទស្សនៈ បាននិងកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៍ ឬហេតុការផ្សេងៗ ដែលបានកើតឡើងទាំងក្នុងប្រទេស និងពិភពលោក ហើយបន្ថែមពីលើនេះ ភាពសម្បូរបែប នៃមធ្យោបាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏បានអនុញ្ញាតឱ្យសាធារណជនអាចទទួលបានព័ត៌មានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ សម័យនេះ ជាសម័យឌីជីថលហើយ ដូច្នេះយើងមិនត្រឹមតែប្រើប្រាស់ឌីជីថលដើម្បីទទួលព័ត៌មាននោះទេ ប៉ុន្តែការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺដើម្បីទទួលព័ត៌មាន និងដោះស្រាយ ហើយនេះគឺជាកិច្ចការដ៏សំខាន់ របស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមប្រកបដោយប្រសិទ្ធភាព ចំពោះការដឹកនាំបម្រើប្រជាពលរដ្ឋជាមួយរដ្ឋារដ្ឋាភិបាល។

 

សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា៖ វិស័យព័ត៌មានមានតួនាទីសំខាន់ជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត ដូច្នេះអ្នកសារព័ត៌មានត្រូវរក្សាតម្លៃសារព័ត៌មាន ដើម្បីជៀសវាងការប្ដឹងផ្ដល់គ្នាទៅដល់តុលាការ ព្រមទាំងការគោរពក្រមសីលធម៌សារព័ត៌មានបានខ្ជាប់ខ្ជួន គឺបានជួយរក្សាតម្លៃនៃវិជ្ជាជីវៈឱ្យបានរឹងមាំ ហើយជាមួយគ្នានេះ សម្តេចធិបតីបានថ្លែង កោតសរសើរមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែល បានបំពេញការងារយ៉ាងល្អ ក្នុងរយៈពេលជាង៥ខែមកនេះ ក្នុងការប្រែក្លាយក្រសួងព័ត៌មាន ទៅជាសា្ថប័នសាធារណៈ ប្រកបដោយគុណភាព និងបុរេសកម្ម។

 

ទន្ទឹមនេះ សម្តេចធិបតី ក៏បានមានប្រសាសន៍កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា, ជាពិសេសស លទ្ធផលការងារក្នុងរយៈពេលជិត ៥ ខែដំបូង របស់ក្រសួងព័ត៌មាន ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលបាន និងកំពុងជំរុញប្រែក្លាយក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាព, ប្រសិទ្ធភាព និងបុរេសកម្ម ហើយលើសពីនេះ សម្តេចធិបតី ក៏បានសម្តែងនូវការដឹងគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានដឹកនាំក្រសួងព័ត៌មាន បានយ៉ាងល្អប្រសើរ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ កន្លងមក និងថែមទាំងបានបណ្តុះបណ្តាលមន្រ្តីជាច្រើនរូប ឱ្យក្លាយជាថ្នាក់ដឹកនាំ និងមន្រ្តីបន្តវេនដ៏មានសក្តានុពលរបស់រាជរដ្ឋាភិបាល។

 

សូមបញ្ជាក់ថា៖ អង្គសន្និបាតរយៈពេល ២ថ្ងៃនេះ នឹងមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មានរួមមាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកដ្ឋានវិទ្យុជាតិ កម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕ដោយក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button