អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការកែសម្រួលសួនពុះចែកទ្រូងផ្លូវ ដើម្បីបញ្ជាសគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្នុងទីរួមខេត្ត
ប៉ៃលិន៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការកែសម្រួលសួនពុះចែកទ្រូងផ្លូវ នៅលើដងផ្លូវជាតិ លេខ ៥៧ ដើម្បីបញ្ជាសគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្នុងទីរួមខេត្ត។
ហើយបច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងនៅថ្ងៃនេះ លោកជំទាវ បានដឹកនាំ ក្រុមការងារចុះពិនិត្យមើល ការកែសម្រួលសួនពុះចែកទ្រូងផ្លូវ លើដងផ្លូវជាតិ លេខ ៥៧ ចាប់ពីចំណុច មុខវត្តរតនសោភ័ណ ហៅវត្តកោងកាង រហូតដល់វិមានឯករាជ្យខេត្ត ដែលកន្លងមកតែងតែបង្ករជាគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី ធ្វើអោយប្រជាពលរដ្ឋរងរបួស និងបាត់បង់អាយុជីវិតជាច្រើននាក់ ដូច្នេះការកែសម្រួលសួនពុះចែកទ្រូងផ្លូវនាពេលនេះ គឺដើម្បីបញ្ជាសគ្រោះថ្នាក់ចរារណ៍ផង និងដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្នុងទីក្រុង។
ជាមួយគ្នា លោកជំទាវ បាន ស្រីមុំ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។
សូមបញ្ជាក់ថា៖ លោកជំទាវបាន ស្រីមុំ អភិបាលខេត្ត បានចាត់អោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការកែសម្រួលសួនពុះចែកទ្រូងផ្លូវ នៅលើដងផ្លូវជាតិ លេខ៥៧ ចំនួន ២ចំណុច ទី១-មុខការ៉ាស់សាំង តូតាល់ និងទី២-មុខសណ្ឋាគារមាសសោភា ដែលកន្លងមកជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារផ្លូវនេះ៕ដោយក្រូច ណាវី