សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន
ប៉ៃលិន៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានវត្តមានអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការសាងសង់វិមានឈ្នះឈ្នះខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មការ ព្រមទាំងក្រុមការងារ ផងដែរ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានមានប្រសាសន៍លើកឡើងថា៖ វិមានឈ្នះ ឈ្នះនេះ បានសាងសង់ឡើងក្នុង គោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព, បង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ, បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅកាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែង សម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយលរប្រវត្តិសាស្ត្រ ពិតរបស់ខេត្តប៉ៃលិន បញ្ជាក់ពីភាពពិតរបស់កូនខ្មែរ សម័យនេះ និងសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។
សម្តេចប្រធាន បានមានប្រសាសន៍បន្តថា៖ ជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើង ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញដូចសម័យសព្វថ្ងៃនេះទេ ក្នុងដំណាក់កាលចុងក្រោយ គឺដោយសារបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ៧ មករា ១៩៧៩ រហូតដល់១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយសមិទ្ធផលនយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជម្រុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និង បានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។ សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់ថា៖ ការសាងសង់វិមានអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្តប៉ៃលិននេះ នឹងសាងសង់ឡើង ក្រោមការចូលរួមពី គ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះ នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ដែលជាកេរមរតកក្នុងសម័យតេជោសែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាពាយព្យ ។ នាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានមានប្រសាសន៍កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងសហការីទាំងអស់នៃអនុគណៈកម្មការសាងសង់ វិមានឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និង ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ដោយបន្តយកចិត្តទុកដាក់អនុវត្តការងារឲ្យមានតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាពទាំងកិច្ចការរដ្ឋបាល ខ្លឹមសារបច្ចេកទេស និងធានាតាមនីតិវិធីបានកំណត់ ហើយអនុគណៈកម្មការនេះ ត្រូវនាំគ្នាបន្តធ្វើការអំពាវនាវ និងកៀងគរធនធាននានា ដោយការស្ម័គ្រចិត្តពីសប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ បញ្ញវន្ត ប្រជាជន មហាជន សិស្សានុសិស្សទាំងអស់ ដើម្បីចូលរួមកសាង វិមានឈ្នះ ឈ្នះនេះ ឱ្យបានរួចរាល់ជាស្ថាពរតាមការគ្រោងទុក ។សូមបញ្ជាក់ថា៖ ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅ ខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ៕