ឯកឧត្តម អ៊ី ឈាន នាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន ៤វត្ត ក្នុងស្រុកសាលាក្រៅ នាឱកាសបិណ្ឌវេនទី១៤..
ឯកឧត្តម អ៊ី ឈាន នាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន ៤វត្ត ក្នុងស្រុកសាលាក្រៅ នាឱកាសបិណ្ឌវេនទី១៤..
———————————————————
ប៉ៃលិន៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ចំនួន ៤វត្ត ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងឱកាសបិណ្ឌវេនទី១៤ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយើង ដ៏ធំមួយក្នុងចំណោមបុណ្យជាច្រើន ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបុណ្យនេះ ចាប់ផ្តើមពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយនៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌឈានចូលមកដល់ម្ដងៗ គេសង្កេតឃើញប្រជាជនខ្មែរ និងជាអ្នកកាន់នូវព្រះពុទ្ធសាសនា តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានផ្សេងៗមានម្ហូប អាហារ នំ ចំណីជាដើម ទៅវេរប្រគេនដល់ព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បីឧទ្ទិសមគ្គផល និងគុណូប្បការៈគុណទៅដល់បុព្វការីជន អ្នកមានគុណ មាតា បិតា ជីដូន ជីតា ដែលបានចែកឋានទៅកាន់បរលោក ម្យ៉ាងវិញទៀតក៍ជាពេលវេលាដ៏ប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋ បានយកចំណី និងគ្រឿងបរិក្ខាផ្សេងៗ ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសផងដែរ ។
ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋទូទៅ តែងតែគោរពទៅតាមប្រពៃណី ទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ដែលកកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ រួមនឹងការអភិវឌ្ឍន៍ និងវិនិយោគ លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ហើយសម្រាប់ខេត្តប៉ៃលិន ឃើញថាមានការរីកចម្រើនគួរឲ្យគត់សម្គាល់នូវវិស័យព្រះពុទ្ធសាសនា ដោយប្រជាពុទ្ធបរិស័ទមានការគោរពនិងប្រណិបត្តិបានយ៉ាងខ្ជាប់ខ្ជួន និងបានចូលរួមកសាងទៅតាមសទ្ធាដោយជ្រះថ្លា ដែលទាំងអស់នេះ បង្ហាញឲ្យឃើញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានឱកាសបានធ្វើបុណ្យរួមគ្នាប្របកដោយស្នាមញញឹមភាពសប្បាយរីករាយ និងមានសុខសុវត្ថិភាពផ្លូវកាយ និងចិត្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តអនុវត្តខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ជាពិសេសទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើងបែកចែករវាងប្រជាជន និងប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដើម្បីសំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លាក្នុងការការពារសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ផងដែរ ។
សូមបញ្ជាក់ថា៖ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានោះ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានធ្វើពិធីរាប់បាត្រ និងវេរនូវទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា ទាំងឡាយប្រគេនដល់ព្រះសង្ឃ នៅវត្តទាំង៤ ក្នុងស្រុកសាលាក្រៅ រួមមាន៖ ទី១-វត្តប៉ៃលិនធម្មាភិវឌ្ឍន៍ «ហៅវត្តអូររអិល» ទី២-វត្តប្រាសាទសួគ៌ «ហៅវត្តភ្នំសារវណ្ណ» ទី៣-វត្តបុព្វារាម «ហៅវត្តសាលាក្រៅចាស់» និងទី៤-វត្តគីរីចេតិយ៍រាម «ហៅវត្តកុយ»៕