មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាលជាមួយលោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ និងនាំយកអំណោយជាកុំព្យូទ័រ (Computer)សម្ភារៈកីឡា ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥ សាលា នៅស្រុកភ្នំស្រុក
មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាលជាមួយលោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ និងនាំយកអំណោយជាកុំព្យូទ័រ (Computer)សម្ភារៈកីឡា ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥ សាលា នៅស្រុកភ្នំស្រុក
(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយលោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន១៥០នាក់ ព្រមទាំងនាំយកអំណោយកុំព្យូទ័រ (Computer)ចំនួន១៥គ្រឿង ជាអំណោយលោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន ១៥សាលាបន្ថែមទៀត ដែលកំពុងខ្វះខាត សំរាប់បម្រើការងារក្នុងសាលារៀន ។
ពិធីនេះបានប្រារព្វធ្វើឡើងនៅសាលប្រជុំសាលាស្រុកភ្នំស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមាមជ័យ និងក្រុមការងារអមដំណើរ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក លោកមេឃុំទាំង០៦ សរុបជិត២០០នាក់ផងដែរ ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ថា ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ បណ្តុះបណ្តាល ធនធានមនុស្ស ។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ជាការពិត លោកគ្រូ-អ្នកគ្រូ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយមិនខ្លាចនឿយហត់ ដើម្បីឱ្យសិស្សមានចំណេះវិជ្ជា មានការងារល្អ។ បើគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ វិស័យអប់រំ ក៏មិនអាចមានរីកចម្រើនដូចសព្វថ្ងៃនេះដែរ។ ជាមួយការរីកចម្រើនលើវិស័យអប់រំ ជាវិស័យអាទិភាពទីមួយ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន វិស័យអប់រំបានរីកចម្រើនយ៉ាងខ្លាំង សម្តេចបានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែងមិនថាទីក្រុង ប្រជុំជន ឬទីជនបទឡើយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ។
នាឱកាសនោះក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន១៥សាលាហើយនោះ រដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ ។ ទន្ទឹមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយក ខោអាវកីឡាចំនួន៥០០កំប្លេ ផ្តល់ជូនសាលាទាំង១៥ ,បាល់ទះ ១០ គ្រាប់, បាល់ទាត់ ២០គ្រាប់, សំណាញ់បាល់ ៦ ឈុត, ស្រោមដៃកីឡា ១២ គូរ, លោកគ្រូអ្នកគ្រូ អាជ្ញាធរ មូលដ្ឋាន សរុប១៧៥នាក់ ក្នុងម្នាក់ទទួល សារ៉ុង។
សូមបញ្ជាក់ផងដែរថា ទូទាំងស្រុកភ្នំស្រុកមានសាលារៀនសរុបចំនួន ៥៣សាលា ក្នុងនោះ វិទ្យាល័យ ចំនួន៣សាលា, អនុវិទ្យាល័យ ចំនួន៤, បឋមសិក្សា ចំនួន៤២សាលា, មត្តេយ្យចំនួន២សាលា។ហើយការនាំយកកុំព្យូទ័រផ្តល់ជូនសាលារៀននៅស្រុកភ្នំស្រុកនេះគឺជាលើកទី២ហើយ លើកទី១ ផ្តល់ជូនសាលាចំនួន ១៥សាលា , ហើយលើកទី២នេះ ផ្តល់ជូនចំនួន១៥សាលាបន្ថែមទៀត៕