អភិបាលខេត្តប៉ៃលិន កោតសរសើ ដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិននិងកងកម្លាំងអង្គភាពជុំវិញដែលបានរួមគ្នាធ្វើអោយដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០៣ ប្រកបដោយភាពជោគជ័យ
អភិបាលខេត្តប៉ៃលិន កោតសរសើ ដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិននិងកងកម្លាំងអង្គភាពជុំវិញដែលបានរួមគ្នាធ្វើអោយដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០៣ ប្រកបដោយភាពជោគជ័យ
———————————————————
ប៉ៃលិន៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោះខេត្តប៉ៃលិន បានធ្វើសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត និងលោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី នៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត សាលាដំបូងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ មន្ត្រីរៀបចំការបោះឆ្នោត តំណាងគណបក្សនយោគបាយ និងអង្គការសង្គមស៊ីវិលផងដែរ ។
បើតាមរបាយការណ៍លើកឡើងរបស់ លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានអោយដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ នៅខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន ១០ ចូលរួមប្រកួតប្រជែង ដោយមានការិយាល័យបោះឆ្នោតចំនួន ១២២ការិយាល័យ ក្នុងនោះប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ចីបោះឆ្នោត ចំនួន ៤៥.៧៤០នាក់ ស្រី ២៣.២៤៩នាក់ និងមានអ្នកសង្កេតការណ៍សរុបចំនួន ៤១៧នាក់ ស្រី ២២៧នាក់ មកពី ៨ស្ថាប័ន ហើយលទ្ធផលបោះឆ្នោតបឋមទូទាំងខេត្តរួមមាន៖ គណបក្សខ្មែរតែមួយ ទទួលបាន ១៦៦សម្លេង, គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ៦៨សម្លេង, គណបក្សខ្មែររួបរួមជាតិ ទទួលបាន ៤៣៥សម្លេង, គណបក្សស្ត្រីដើម្បីស្ត្រី ទទួលបាន ១៥០សម្លេង, គណបក្សខ្មែរឈប់ក្រ ទទួលបាន ១៤៩សម្លេង, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៤៩២សម្លេង, គណបក្សធម្មាធិបតេយ្យ ទទួលបាន ១៨២សម្លេង, គណបក្សយុវជនកម្ពុជា ទទួលបាន ៣៧០សម្លេង, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបាន ២៦២សម្លេង និងគណបក្សប្រជាជនកម្ពុជា ទទួលបាន ៣០៩៨៧សម្លេង ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តន៍ គោរពច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និង សេចក្តីថ្លៃថ្នូរ ធ្វើអោយការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ខាងផ្នែកនយោបាយ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ ព្រមទាំងមានការចូលរួមត្រួតពិនិត្យ និងសង្កេតការណ៍ជាសាក្សី ពីអ្នកសង្កេតការណ៍បោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយផងដែរ ។
លោកជំទាវអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា៖ ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ត្រូវបានមតិជាតិ និង អន្តរជាតិ ធ្វើការវាយតម្លៃថា មានលក្ខណៈល្អប្រសើរ ជាងការបោះឆ្នោតមុនៗ ដែលនេះជាការសរបញ្ជាក់អោយឃើញថា នៅព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងឈានទៅមុខ ក្នុងការអនុវត្តន៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមទិសដៅត្រឹមត្រូវ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនកិច្ចសហការអោយបានកាន់តែល្អ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត គ្រប់លំដាប់ថ្នាក់ និង អ្នកពាកព័ន្ធផ្សេងៗទៀត ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម អោយកាន់តែល្អប្រសើរ សម្រាប់ការបោះឆ្នោតអណត្តិបន្តៗទៀត ៕ដោយ÷សហការី