ថ្នាក់ដឹកនាំខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅសាលារៀនដាច់ស្រយាល
ថ្នាក់ដឹកនាំខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅសាលារៀនដាច់ស្រយាល
———————————————————
ប៉ៃលិន៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ព្រមទាំងសម្ភារៈសិក្សាជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីបរិស្ថាន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅតំបន់ដាច់ស្រយាល (ចំនុចអូរស្លេវ) សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
នាឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវជំរុញអោយការិយាល័យអប់រំក្រុង/ស្រុក និងអង្គការគាំទ្រ ដើម្បីពង្រឹងផ្សព្វផ្សាយ អប់រំ ដល់សិស្សានុសិស្ស កុមារបោះបង់ការសិក្សា និងណែនាំដល់មាតាបិតា អាណាព្យាបាលសិស្ស អោយជួយអប់រំកូនបន្ថែមទៀត ទាំងចំណេះ ជំនាញ និងសិលធម៌ ហើយត្រូវចុះពិនិត្យផ្ទាល់នៅតាមសាលារៀននីមួយៗ ក្នុងបណ្តាក្រុង/ស្រុក ឃុំ/សង្កាត់ ដើម្បីរៀបចំសំភារៈសិក្សាដែលបម្រើដល់ការបង្រៀន និងរៀន ព្រមទាំងសំអាតអនាម័យបរិស្ថាន អោយស្អាត រួមមាន៖ បរិវេណសាលា បន្ទប់សិក្សា បណ្តាល័យ បន្ទប់ទឹក និងកន្លែងលាងដៃ ជាដើម។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយជាក់ស្តែងនៅពេលនេះ លោកជំទាវបានឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅក្នុងខេត្ត និងផ្តល់ជូននូវសម្ភារៈសិក្សា ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ដើម្បីផ្តល់ឱកាសឱ្យក្មួយៗ ចៅៗ បានសិក្សារៀនសូត្រ បន្តក្រេបយកចំណេះដឹង ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើក្មួយៗចៅៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ការទូន្មានប្រៀនប្រដៅរបស់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល ពេលទំនេរត្រូវជួយធ្វើកិច្ចការងារផ្ទះ សិក្សារៀនសូត្របន្ថែម កុំយកពេលវេលាទៅប្រព្រឹត្តិអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ជាពិសេសត្រូវចៀសឱ្យឆ្ងាយគ្រឿងញៀន ។
សូមរំលឹកថា៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដោយកាត់យកភូមិសាស្រ្តតំបន់ភ្នំដំបង និងអូរស្លេវ នៃឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៦.៦៨៥ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងសង្កែជាខ្សែព្រំប្រទល់រដ្ឋបាល៕ដោយ÷សហការី