រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ កំពុងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវខណ:រដ្ឋបាលខេត្តខិតខំរៀបចំកែលំអយ៉ាងស្រស់ត្រកាល
រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ កំពុងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវខណ:រដ្ឋបាលខេត្តខិតខំរៀបចំកែលំអយ៉ាងស្រស់ត្រកាល
ប៉ៃលិន៖ រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានបែបធម្មជាតិដ៏ល្បីល្បាញជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់នូវផ្លូវបេតុងអាមេ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនអមដំណើរដោយក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អ សោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខ ។
លោកជំទាវអភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពលនៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកជំទាវ បានណែនាំអោយយុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រ មួយនេះ។
ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ៕ សហការី