រដ្ឋបាលខេត្តប៉ៃលិន រៀបចំពិធីទទួលទេវតាឆ្នាំថ្មីក្រោមអធិបតីភាព ឯកឧត្ដម អ៉ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន
រដ្ឋបាលខេត្តប៉ៃលិន រៀបចំពិធីទទួលទេវតាឆ្នាំថ្មីក្រោមអធិបតីភាព ឯកឧត្ដម អ៉ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន
———————————————————
(ប៉ៃលិន)នៅល្ងាចថ្ងៃទី១៤ខែមេសាឆ្នាំ២០២៣នេះនៅមុខសាលាខេត្តប៉ៃលិន ឯកឧត្ដម អ៉ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីទទួលទេវតាឆ្នាំថ្មីនិងបួងសួងដល់ទេវតាឆ្នាំថ្មីសុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនឲ្យមានសេចក្តីសុខចំរុងចម្រើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។
ឯកឧត្ដមរដ្ឋលេខាធិការក្រសួងការពារជាតិនិងថ្នាក់ដឹកនាំ ខេត្តបានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងប្រទេសពិសេសគីពលរដ្ឋខេត្តប៉ៃលិននេះតែម្តង ជំរះអស់នូវគ្រោះចង្រៃឧបទ្រពទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួស្តីពីទេវតាឆ្មាំថ្មី ព្រះនាមកិមិរាទេវី ដែលជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។
សង្គ្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ បានចូលមកដល់នៅវេលាម៉ោង ៤ និង០០នាទីរសៀល ថ្ងៃទី១៤ មេសា ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។ ជាមួយគ្នានេះសង្គ្រាន្តវត្តភ្នំក៏ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឡើងយ៉ាងអធិកអធមក្រោយពីអាក់ខានមិនបានរៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នាដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នា ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនក៍បានបើកឆាកលេងល្បែងប្រជាប្រិយដូចជាទាញព្រ័ត្រ លោតបាវ ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំកំសាន្តជាដើម។ ហើយសង្គ្រាន្តប៉ៃលិនដែលរៀបចំឡើងដោយរដ្ឋបាលខេត្តប៉ៃលិន មានគោលបំណងផ្តល់ឱកាសកម្សាន្តដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកពីគ្រប់ទិសទីបានមកលេងកម្សាន្តនៅទីនេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីថ្នាក់ដឹកនាំខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពិសេសគឺយុវវ័យ ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍ ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិភ័យដោយ ប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស ចរន្តអគ្គីសនីជាដើម៕ ដោយ÷សហការី