ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីរុក្ខារាមថ្មរមៀល និងចែកអំណោយដល់ ប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីរុក្ខារាមថ្មរមៀល និងចែកអំណោយដល់ ប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
———————————————————
(បន្ទាយមានជ័យ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ រួមទាំងលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងមានការផ្តល់ជូនអំណោយមួយចំនួន ដល់ពលរដ្ឋមកពីតាមបណ្ដាឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យចំនួន២០០៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ មី ត្រីខ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការមួយចំនួន។
ឯកឧត្ដម កែ គឹមយ៉ាន បានមានប្រសាសន៍ថា តំបន់នេះ ជាតំបន់សង្គ្រាមដ៏រ៉ាំរ៉ៃយូរជាងគេ នាទស្សវត្សរ៍៨០ ដល់៩០ តែដោយមានការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីគោលនយោបាយដែលឈ្នះៗធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញលេញ ព្រមទាំងបានស្ដារប្រទេសជាតិ ពីចំណុចសូន្យរហូតដល់មានការរីកចម្រើន លើគ្រប់វិស័យទាំងអាណាចក្រនិងពុទ្ធចក្រ ប្រជាពលរដ្ឋមានជីវភាពធូរធារ។បញ្ចប់នៃការសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសមេដាយដល់ព្រះតេជគុណ សប្បុរសជន រួចមកឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានបន្តចូលរួមពិធីក្រុងពាលី ដង្ហែដុំនិមិត្ត សីមា វត្តគិរី រុក្ខារាមថ្មរមៀល ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក លើភ្នំដងរែកជាប់នឹងប្រទេសថៃ។
ជាបន្តបន្ទាប់ក៏បានប្រារព្ធពិធីដង្ហែដុំនិមិត្តសីមា ប្រទក្សិណជុំវិញព្រះវិហារ ធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល វេរ ដុំនិមិត្តសីមា និង អភិសេកព្រះអង្គធំក្នុងព្រះវិហារថ្មីផងដែរ។ព្រះអង្គគ្រូ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សាផ្ទាល់ព្រះមេគណខេត្តព្រះអង្គបានមាន សង្ឃដីកាបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តនេះដែរគឺមានរយៈពេល ៧ថ្ងៃចាប់ពីថ្ងៃ២៣ ដល់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ហើយកម្មវិធីបុណ្យដ៏ធំនេះក៏បានរៀបចំទៅតាមបែបព្រះពុទ្ធសាសនានៃយើង។ នៅថ្ងៃបង្ហើយត្រូវនឹង ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង៤ទៀបភ្លឺ ព្រះសង្ឃធ្វើសង្ឃកម្មបញ្ជាន់តារាង ព្រមទាំងរៀបចំពិធីសម្ពោធឆ្លង កាត់ឬសសីមាព្រះវិហារថ្មីដាក់ អោយប្រើប្រាស់ជាផ្លូវការ៕ដោយ÷សហការី