លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជួបជាមួយនឹងក្រុមការងារក្រុមហ៊ុនចិន ដែលចូលមកទិញផ្លែមៀនប៉ៃលិន របស់ប្រជាពលរដ្ឋ
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជួបជាមួយនឹងក្រុមការងារក្រុមហ៊ុនចិន ដែលចូលមកទិញផ្លែមៀនប៉ៃលិន របស់ប្រជាពលរដ្ឋ
ខេត្តប៉ៃលិន ៖ គេសង្កេតឃើញនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារកសិកម្ម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ជាមួយក្រុមហ៊ុនឆាយណាជីនវ័រយាន អិមផត អិចផត ខេមបូឌា ជាក្រុមហ៊ុន នាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសចិន ក្នុងនាមរដ្ឋបាលខេត្ត លោកជំទាវ បាន ស្រីមុំ និងសហការី បានខិតខំចូលរួមគាំទ្រ សហការជាមួយក្រុមហ៊ុន ដើម្បីថែរក្សាតំលៃទីផ្សារជូនប្រជាពលរដ្ឋអោយបានយូរអង្វែង។ លោកជំទាវក៏ជំរុញឱ្យក្រុមហ៊ុនខាងលើ តម្លើងថ្លៃកសិផលមៀនប៉ៃលិនឱ្យបាន ខ្ពស់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រជាពលរដ្ឋ ដែលកំពុងដាំដុះមានជីវភាពធូរធារ មានកម្លំាងក្នុង ការថែទាំដំណាំមៀនរបស់ខ្លួនផងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា ចំពោះក្នុងខែមករា ឆ្នាំ២០២៣នេះ ទីផ្សារផ្លែមៀនប៉ៃលិន មានតម្លៃចាប់ពី៣៥០០រៀល ទៅ៤៥០០រៀល ដែលតម្លៃមួយនេះ អាចឱ្យប្រជាពលរដ្ឋដែលខិតខំប្រឹងប្រែង បង្កបង្កើនផល អាចទទួលយកបាន។ លោកជំទាវអភិបាលខេត្តក៏លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន បើមានចំការមៀនប៉ៃលិន ហើយមិនដឹងទំនាក់ទំនងលក់បាន អាចទាក់ទងទៅក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន ដើម្បីសួរនាំព័ត៌មានបន្ថែម ដែលមានលេខដូចតទៅ : 031 609 5000 និង 070 338 337។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនទាំងអស់ ដែលបានបង្កបង្កើនផលដំណាំផ្លែមៀនប៉ៃលិន មានការសប្បាយរីករាយយ៉ាងខ្លាំង ហើយសង្ឃឹមថា ផ្លែមៀនប៉ៃលិននាឆ្នាំ២០២៣នេះ នឹងឡើងថ្លៃខ្ពស់ហួសពីការស្មានទុករបស់ពួកគាត់ ព្រោះកាលពីឆ្នាំកន្លងទៅ មៀនប៉ៃលិន មានការធ្លាក់ចុះ យ៉ាងគំហុក ដោយ១គីឡូក្រាម ឈ្មួញទិញត្រឹមតែ២៥០០ទៅ៣០០០រៀលប៉ុណ្ណោះ៕ដោយ:សហការី