មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រៀបចំការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្តេចជាស៊ីម ឆ្នាំសិក្សា២០២៣ ២០២៤
មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រៀបចំការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្តេចជាស៊ីម ឆ្នាំសិក្សា២០២៣ ២០២៤
———————————————————
(បន្ទាយមានជ័យ)៖បេក្ខជនសរុបចំនួន ១៣១អង្គនាក់ ចែកចេញជា៦បន្ទប់ ត្រូវបានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រៀបចំការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្តេចជាស៊ីម ឆ្នាំសិក្សា២០២៣ ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានឲ្យដឹងថា វិញ្ញាសាប្រឡងគឺមាន៤មុខវិជ្ជា រួមមាន វិញ្ញាសាភាសាបាលី វិញ្ញាសាសរសេរតាមអាន វិញ្ញាសាពុទ្ធពិន័យ និងវិញ្ញាសាគណិតវិទ្យា ហើយការប្រឡងពេញមួយថ្ងៃ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបទាំងគ្រហស្ថទាំងបព្វជិត ត្រូវទទួលនូវការអប់រំប្រកបដោយគុណភាព ជាពិសេសនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយអប់រំទៀតទៅការពង្រឹងគុណភាពវិស័យអប់រំពោលគឺលើកកម្ពស់ចំណេះដឹងសមត្ថភាព គុណធម៌ សីលធម៌មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវផ្នែកវិស័យពុទ្ធិកសិក្សាវិញក៏ដូចជាវិស័យអប់រំផងដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយ បន្តរការគោរពសេរីភាពខាងជំនឿ ការនិងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ជាពិសេសបន្តការពង្រឹង និងពង្រីកវិស័យពុទ្ធិកសិក្សាឲ្យមានតែបរិមាណនិងគុណភាព នៅគ្រប់កម្រិតដោយឡែកនៅក្នុងក្របខ័ណ្ឌទូទាំងខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ការប្រឡងពីរថ្ងៃនេះគឺជាការចម្រាញ់យកតែសមណសិស្សដែលមានសមត្ថភាពចំណេះដឹង ទាំងពុទ្ធចក្រនិងអាណាចក្រនិងកម្រិតបឋមសិក្សា ដើម្បីជំរុញឲ្យបានបន្តការសិក្សាជាបន្តបន្ទាប់ទៀត៕ដោយ÷សហការី